ម្ចាស់ជើងឯក World Cup ចំនួន២សម័យក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចចិត្តបណ្តេញលោក Edgardo Bauza ចេញពី តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិដោយសារតែក្រុមជម្រើសជាតិលេងមិនបានលទ្ធផលពេលប្រកួតជម្រុះយកកៅអីទៅលេង World Cup នៅក្នុងប្រទេសរុស្សុី ។
លោក Claudio Tapia ប្រធានសហព័ន្ធបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានប្រាប់អ្នកសារព័ត៌មានថា “យើងបានឈានដល់កិច្ចព្រមព្រៀងមួយហើយបានប្រាប់Edgardo Bauzaថាគាត់ត្រូវបានបញ្ឈប់ពីតំណែងគ្រូបង្វឹកហើយ” ។
សារព័ត៌មានជាច្រើនបានផ្សាយថា លោក Jorge Sampaoli ជាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនកំពុងដឹកនាំក្រុមSevillaគឺជា បេក្ខជនល្អបំផុតក្នុងការមកកាន់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយគាត់ធ្លាប់ដឹកនាំក្រុមជម្រើសជាតិឈីលីឈ្នះពានរង្វាន់ជើងឯកទ្វីបអាមេរិកខាងត្បូងក្នុងឆ្នាំ២០១៥ ។
សម្រាប់ការប្រកួតជម្រុះ World Cup ៨ដង អាហ្សង់ទីនឈ្នះតែ៣ប៉ុណ្ណោះ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ៥អាចត្រូវលេងខ្វែងជាមួយក្រុមមកពីទ្វីបអូសេអានី បើសិនមិនអាចឡើងទៅចំណាត់ថ្នាក់លេខ៤ ឬបើធ្លាក់ទៅលេខ៦អាហ្សង់ទីននឹងអស់ឱកាសទៅ World Cup ឆ្នាំ២០១៨តែម្ដង។
អ្វីដែលលំបាកជាងនេះទៅទៀតនោះគឺកីឡាករឆ្នើម Lionel Messi ត្រូវជាប់បំរាម៤ប្រកួតដោយសារតែបានប្រមាថអាជ្ញាកណ្តាល ៕ ដេវីត