ការបញ្ជូនក្រុមនាវាចម្បាំងរបស់អាមេរិក ប្រភេទទំនើប USS Carl Vinson ទៅកាន់ឧបទ្វីបកូរ៉េ បានធ្វើឲ្យស្ថានភាពកាន់តែតានតឹង ហើយទីក្រុងព្យុងយ៉ាងប្រកាសត្រៀមលក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយអាមេរិក ។
មន្ត្រីទូតកូរ៉េខាងជើង ប្រចាំនៅរុស្ស៊ី លោក Zin Jeong Hep កាលពីថ្ងៃទី១៨ ខែមេសា បានប្រកាសថា ទីក្រុងព្យុងយ៉ាង បានត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំ និងយូរអង្វែងជាមួយអាមេរិក នឹងត្រៀមលក្ខណៈវាយប្រហារទៅលើ ទីតាំងដែលជាសត្រូវរបស់កូរ៉េខាងជើង ។
លោក Zin Jeong Hep បានបញ្ជាក់នៅក្នុង កិច្ចប្រជុំជាមួយមន្ត្រី គណបក្សប្រជាធិបតេយ្យរុស្ស៊ី លោក Vladimir Zhirinovsky ថា «កម្លាំងទាហានប្រជាជនយើងខ្ញុំមានការប្តេជ្ញា មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការគំរាមកំហែង ពីសត្រូវ ។ កម្លាំងទាហានយើងបានត្រៀមលក្ខណៈវាយបកវិញ ប្រសិនបើ រងការវាយប្រហារ »។
តាមសារព័ត៌ Sputnik បានផ្សាយថា ការប្រកាសខាងលើរបស់មន្ត្រីកូរ៉េខាងជើងកើតឡើងចំពេលដែលភាពតានតឹងនៅឧប្បទ្វីបកូរ៉េកាន់តែខ្លាំងឡើង ក្រោយពេលដែលកម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃតី១៦ ខែមេសា បានឲ្យដឹងពីការសាកល្បងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងបរាជ័យ។ ការសាកល្បងនោះបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា នឹងបើកការវាយប្រហារទៅលើកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បន្តសាកល្បងគ្រាប់បែកបរមាណូជាថ្មីនោះ ។ ចំណែកមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានប្រកាសថា នឹងបើកការវាយប្រហារទៅលើទីតាំងយោធារបស់អាមេរិក នៅជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាទីក្រុងសេអ៊ូល ប្រសិនបើអាមេរិកវាយប្រហារកូរ៉េខាងជើងនោះ។
ក្រុមអ្នកឯកទេសបានលើកឡើងថា ការវាយប្រហារទៅលើកូរ៉េខាងជើង នោះអាចបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ នឹងមានអ្នកស្លាប់កាន់តែច្រើនឡើង ដោយសារតែសកម្មភាព វាយបកវិញរបស់កូរ៉េខាងជើង ទៅលើកូរ៉េខាងត្បូងនឹងជប៉ុនដោយមីស៊ីល ។ ប្រសិនបើអាមេរិកវាយប្រហារយកឈ្នះផ្តួលរំលំមេដឹកនាំគីម ជុងអ៊ុន តែអាមេរិក និងកូរ៉េខាងត្បូងត្រូវចំណាយច្រើនសម្រាប់ជួយដល់ពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទាំងនោះហើយទើបកូរ៉េខាងត្បូង មិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារឡើយ ពេលដែលកូរ៉េខាងត្បូងមិនទាន់ត្រៀមលក្ខណៈរួចរាល់ ក៏ដូចជាថវិកាសម្រាប់ បង្រួបបង្រួមជាតិ ៕ ម៉ែវ សាធី