ភ្នំពេញ៖ បុរសម្នាក់ត្រូវថៅកែចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យ សមត្ថកិច្ចសាកសួរខណៈយកម៉ូតូក្រុមហ៊ុនជិះហើយបែរជាយកទៅបញ្ចាំ និងគេចខ្លួនបាន៣ថ្ងៃ ។
កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ កែវ ធារ៉ា ភេទប្រស អាយុ២៧ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅក្នុងក្រុមហ៊ុន LUM OR KON KHMER ផ្ទះលេខ១៤៤ ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពបន្តថា ដើមបណ្តឹងឈ្មោះឌុច ច័ន្ទរដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ A ១៥៣ ផ្លូវA សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ដើមបណ្តឹងបាននិយាយថា នៅក្នុងក្រុមហ៊ុនគាត់បានទុកម៉ូតូមួយគ្រឿង ម៉ាក FINO ពណ៌ក្រហម ឆ្នូតស ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA-2312 ដើម្បីទុកឲ្យបុគ្គលិកជិះគ្រាន់ទៅទិញបាយហូបពេលល្ងាចៗ លុះដល់ថ្ងៃទី១៧ ខែមេសា បុរសខាងលើយកជិះ បែរជាយកទៅបញ្ចាំ ហើយគេចខ្លួនរហូតដល់ថ្ងៃប្រទះឃើញដើរមកក្រុមហ៊ុនវិញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ជនសង្ស័យនិយាយថា នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ក្រោយពីចេញពីធ្វើការ ខ្លួនបានយកម៉ូតូថៅកែជិះទៅជាមួយឈ្មោះ ផុន យី ដែលជាមេការ ក្រោយពីជិះដល់ពាក់កណ្តាលផ្លូវ គាត់បានទម្លាក់មេការចុះហើយប្រាប់ថា ចាំមួយភ្លែត ខ្ញុំទៅទិញម្ហូបសិន ក៏ជិះម៉ូតូចូលទៅឃ្លាំងរំសេវដាក់បញ្ចាំបានលុយ១២០ដុល្លារ ក្រោយមកមិត្តភក្តិទៅយកលុយថែមគ្រប់២០០ដុល្លារ នាំគ្នាចូលដេកតាមផ្ទះសំណាក់ លុះអស់លុយ បានចូលមកក្រុមហ៊ុនវិញ ក៏ត្រូវថៅកែឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងបញ្ជូនបន្តទៅអធិការខណ្ឌសែនសុខចាត់ចែងតាមច្បាប់ ៕ តុង សីហា