គេហទំព័រ Daily Mail បានផ្សព្វផ្សាយ នូវឃ្លីប វីដេអូ មួយ បង្ហាញឲ្យឃើញថា រុស្ស៊ីបានបញ្ជូនទាហាន និងអាវុធ ទំនើបៗជាច្រើន ចូលទៅកៀកព្រំដែន កូរ៉េខាងជើង ។ ហេតុការណ៍ខាងលើបង្ក ក្តីបារម្ភយ៉ាងខ្លាំងថាតើរុស្ស៊ីមានចេតនាអ្វី ទើបមានសកម្មភាពបែបនេះ។ កន្លងមកថ្មីៗរុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ទៅកៀកដែនអាកាសរដ្ឋ Alaska អាមេរិកផងដែរ។ ក្រៅពីរុស្ស៊ី ចិនក៏បាន បញ្ជូនទាហាននិងអាវុធទៅកាន់ព្រំដែនដូចគ្នាដែរ។
ឃ្លីបវីដេអូខាងលើត្រូវបានសារព័ត៌មានអង់គ្លេសផ្សព្វផ្សាយបង្ហាញឲ្យឃើញថា រថយន្តយោធារបស់រុស្សុីដឹកទាហាននឹងអាវុធជាច្រើនទៅកាន់ តំបន់ព្រំដែនចម្ងាយពីកូរ៉េខាងជើង១៧គីឡូម៉ែត្រ។ ក្រៅពីនេះយន្តហោះចម្បាំងឧទ្ធម្ភាគចក្រ របស់រុស្ស៊ីជាច្រើនគ្រឿងក៏បានទៅកាន់ទីនោះដែរ។
ពលរដ្ឋនៅក្នុងតំបន់បានប្រាប់គេហ ទំព័រ Primemedia .ru ថា «មានសម្ភារយោធាជាច្រើនបានបញ្ជូនតាមផ្លូវដែក ពីតំបន់ Primorsky ឆ្លងកាត់តំបន់ Khabarovsk »។ ការបញ្ជូនអាវុធនិងទាហានទៅកាន់ព្រំដែនកើតឡើងចំពេលដែលស្ថានភាពកាន់តែតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង អាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។
សារព័ត៌មាន Daily Mail បានផ្សាយថា សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាការត្រៀម លក្ខណៈ សម្រាប់ពេលដែលអាមេរិកវាយប្រហារកូរ៉េខាងជើង អាចបង្កឲ្យមានជនភៀសខ្លួនកូរ៉េខាងជើងជាច្រើនចូលទៅកាន់ប្រទេសរុស្ស៊ី ។
កន្លងមកសារព័ត៌មាន កូរ៉េខាងត្បូង បានផ្សាយថា ចិនក៏បានបញ្ជូនអាវុធនិង ទាហាន១៥០ពាន់នាក់ ទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងផងដែរ បន្ទាប់ពីអាមេររិកវាយប្រហារស៊ីរីដោយមីស៊ីលជិត៦០គ្រាប់។ ទាហានចិនចូលទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងនោះ គឺដើម្បីទប់ស្កាត់ការហូរ ចូលនៃជនភៀសខ្លួនកូរ៉េខាងជើង ពេល អាមេរិកវាយប្រហារ។
សកម្មភាពរបស់ប្រទេស មហាអំណាច យោធា រុស្ស៊ីនិងចិន នាពេលនេះដូចជាបានដឹងនូវរឿងអ្វីមួយ ហើយអាចប្រាកដថា អាមេរិកនឹងវាយប្រហារ ទៅលើកូរ៉េខាង ជើងនៅពេលដ៏ខ្លីខាងមុខ។
សកម្មភាពរបស់រុស្ស៊ីនៅពេលចុងក្រោយនេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម រវាងអាមេរិកនឹងរុស្ស៊ី ទៅវិញ ពិសេស គឺក្រោយពេលដែលរុស្ស៊ីបញ្ជូន យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ និងទំនើបបំផុត របស់ខ្លួន ចូលទៅកាន់ដែនអាកាសរដ្ឋ អាឡាស្កា តើរុស្ស៊ីមានចេតនាអ្វី? ក្រុម អ្នកវិភាគបានលើកឡើងថា សកម្មភាព របស់រុស្ស៊ី គឺជាការព្រមានដល់អាមេរិក យ៉ាងច្បាស់ ថាបើអាមេរិកវាយប្រហារ ប្រទេសដទៃ រុស្ស៊ីនឹងវាយប្រហារអាមេរិក វិញ។ បើទោះបីអាមេរិកមានភាពរឹងមាំ ប៉ុនណា បើរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្សុី ក៏នឹងរលាយដូចគ្នា។
ក្រុមអ្នកវិភាគបានលើកឡើងថា អ្វី ដែលរុស្ស៊ីធ្វើ នាពេលនេះមិនខុសអ្វីពី អាមេរិកធ្វើទៅលើប្រទេសជប៉ុននោះឡើយ បើជប៉ុន មិនព្រមដកទ័ព ចេញពីប្រទេសមួយចំនួននៅតំបន់អាស៊ីកាលពីសង្គ្រាមលោកលើកទីពីរទេ អាមេរិកនឹងទម្លាក់គ្រាប់បែកទៅលើប្រទេសជប៉ុន វិញ ហើយលទ្ធផល អាមេរិកបានទម្លាក់ គ្រាប់បែកបរមាណូពីរគ្រាប់ធ្វើឲ្យជប៉ុន ត្រូវចុះចាញ់ក្នុងសង្គ្រាម បើជប៉ុនមិនព្រមចាញ់ ហើយដកទ័ពទេ អាមេរិកនឹងបន្តទម្លាក់គ្រាប់បែកបរមាណូទៀត។
ការដែលរុស្ស៊ីបញ្ចូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយប្រភេទ Tu -95MS ដែលបំពាក់អាវុធបរមាណូ ទៅកាន់ រដ្ឋអាឡាស្កា កាលពីថ្ងៃទី១៧ខែ មេសា គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ យន្តហោះទម្លាក់គ្រាប់បែកនោះត្រូវបានយន្តហោះចម្បាំងបំបាំងកាយ អាមេរិក ពីរគ្រឿងប្រភេទ F-22 ទៅស្ទាក់នឹងបណ្តេញ ចេញពី ដែនអាកាសអាមេរិក។ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា យន្តហោះ ចម្បាំងអាមេរិក ប្រើពេល២៧នាទីទើបអាចបណ្តេញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីចេញពី ដែនអាកាសអាមេរិកបាន។
សូមបញ្ជាក់ផងដែរថា យន្តហោះទម្លាក់ គ្រាប់បែក ដែលរុស្ស៊ីបញ្ជូនទៅកាន់ ដែន អាកាសអាមេរិកនោះ អាចហោះហើរ ក្នុងល្បឿន ៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងកម្ពស់ពីដី១០គីឡូម៉ែត្រ៕ ម៉ែវ សាធី