ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា សុជាតិវង្ស ៖ អ្នកលក់ឱសថទាំងអស់ត្រូវបន្តការសិក្សារៀនសូត្របន្ថែម ប្រកាន់ភ្ជាប់វិជ្ជាជីវៈ ធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានជំរុញឲ្យ អ្នកលក់ឱសថទាំងអស់ត្រូវបន្តការសិក្សារៀនសូត្របន្ថែមទៀត ប្រកាន់ភ្ជាប់វិជ្ជាជីវៈ និងធ្វើអាជីកម្មឲ្យបានត្រឹមត្រូវ ខណៈដែលឱសថជាអាវុធមុខពីរបើយើងឲ្យអ្នកជំងឺប្រើប្រាស់មិនបានត្រឹមត្រូវទេនោះ។

លោកប៉ា សុជាតិវង្សបានជំរុញបែបនេះ កាលពីរសៀលថ្ងៃទី២១ មេសា នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន នៅរាជធានីភ្នំពេញជិត៤០០នាក់។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា បងប្អូនអាជីវករ អ្នកលក់ឱសថ ជាវិស័យឯកជនដែលមានសារសំខាន់ ហើយរដ្ឋាភិបាល ក៏បានចាប់យកជាដៃគូរ ជាមួយវិស័យឯកជននេះផងដែរ ក្នុងការកសាងប្រទេសរបស់យើង អោយមានការអភិវឌ្ឍរីកចម្រើន។ លោកថា បើនិយាយពីសម័យប៉ុលពត គ្មានទេវិស័យឯកជន មានតែសហករ។ វិស័យឯកជនមិនមែនមាន តែវិស័យសុខាភិបាលប៉ុណ្ណោះទេ សូម្បីតែវិស័យអប់រំ វិស័យសេដ្ឋកិច្ចក៏មានឯកជនផងដែរ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេស ចេះតែកើនឡើង និងរីកចម្រើនឡើងជាលំដាប់។

លោកប៉ា សុជាតិវង្ស បានបន្តទៀតថា អ្នកផ្តល់និងទទួលសេវាលើ សេវាឱសថនេះ គឺត្រូវតែស្មើគ្នា ស៊ីសង្វាក់គ្នា ។ លោកស្នើឲ្យបងប្អូន អ្នកលក់ឱសថ បន្តការសិក្សារៀនសូត្របន្តទៀត ប្រកាន់ភ្ជាប់វិជ្ជាជីវៈ ធ្វើអាជីកម្មឲ្យបានត្រឹមត្រូវ ដោយ បងប្អូនជាសេនាធិការ ឲ្យវិស័យសុខាភិបាល ដូច្នេះត្រូវធ្វើអ្វីដែលត្រឹមត្រូវ ព្រោះថា ថ្នាំពេទ្យជាអាវុធមុខពីរ កុំប្រថុយប្រថាន ដែលនាំឲ្យមានវិប្បដិសារី។

លោកប៉ា សុជាតិវង្សបន្តថា ការងារវិជ្ជសាស្ត្រនិងចិត្តសាស្រ្ត ត្រូវផ្សាភ្ជាប់ជាមួយគ្នា ទើបធ្វើឲ្យអ្នកជំងឺប្រសើរឡើង ។ ចិត្តសាស្រ្ត ការលើកទឹកចិត្តនេះ សំខាន់ណាស់ កុំបំភ័យអ្នកជំងឺ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំពេទ្យទាំងការទុកដាក់ថ្នាំ ដែលយកទៅផ្សព្វផ្សាយ ត្រូវតែជាថ្នាំដែលបានឆ្លងកាត់ ការពិនិត្យពីក្រសួងសុខាភិបាលរួចហើយ។

លោកក៏បានស្នើឲ្យសមាគម កោះហៅអ្នកលក់ឱសថ ដែលមិនទាន់អនុវត្តបានល្អ ទៅធ្វើការណែនាំឲ្យដើរទៅរកផ្លូវ ដែលត្រូវនិងមានវិជ្ជាជីវៈ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍវិញ លោកប៉ា សុជាតិវង្ស បានលើកឡើងថា ភ្នំពេញរបស់យើង ពិតជាទទួលបានការកើតសរសើរខ្លាំង លើការរៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខ ទោះបីមានបញ្ហាប្រឈម លើការកកស្ទះចរាចរខ្លះក៏ដោយ ។

លោកបន្តថា ការដឹកនាំប្រទេស គឺពិតជាសំខាន់ណាស់ បើដាក់គោលនយោបាយខុស នាំឲ្យប្រទេសជាតិវិនាស ជាក់ស្តែងដូចសម័យប៉ុល ពត គឺប្រទសរបស់យើងធ្លាក់ដល់ចំណុចសូន្យ ។ បើដាក់គោលនយោបាយបានត្រឹមត្រូវ ប្រទេសជាតិយើង រីកចម្រើនដូចសព្វថ្ងៃនេះ ហើយប្រជាពលរដ្ឋក៏មានជីវភាពប្រសើរឡើងដែរ។

លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថ ក្នុងឱកាសនោះ បានលើកឡើង ពីការបណ្តុះបណ្តា សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន នៅរាជធានីភ្នំពេញ ហើយការបណ្តុះបណ្តានេះ គឺពិតជាមានសារសំខាន់ ដោយមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលមកទទួលយកឱសថ ។ ការប្រគល់សញ្ញាបត្រនេះ គឺក្រោយពី ទទួលបានវគ្គបណ្ដុះបណ្ដាលខ្លី រយៈពេល ៦ខែ អំពីជំនាញវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ហើយសិក្ខាកាម ដែលមកទទួលមានចំនួន៣៩១នាក់ ក្នុងនោះមានស្រី២៩១ ៕ សំរិត


ចែករំលែក៖