ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រពន្ធថាមានសហាយ រួចរត់ទៅចង.កធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានចង.កធ្វើអត្តឃាតនៅលើដើមស្វាយ បន្ទាប់ពីនិយាយចោទប្រកាន់ទៅលើស្ត្រីជាប្រពន្ធថា មានប្រុសសហាយរួចមក ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចំការស្វាយរបស់ឈ្មោះ ដួង សម្បត្តិ ហៅហាយ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន សាត់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានប្រពន្ធឈ្មោះ យួន សុខន អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅស៊ីការកូនអ្នកស្រុក ពេលត្រឡប់មកវិញបានផឹកស្រារហូតស្រវឹងជោកជាំ ខណៈនោះស្ត្រីជាប្រពន្ធបាននិយាយស្តីអោយជនរងគ្រោះថា “ថ្ងៃក្រោយកុំផឹកស្រវឹងពេក ព្រោះព្រឹកឡើងយើងត្រូវទៅកាត់បន្លែលក់ផង បើស្រវឹងអញ្ចឹងធ្វើការអីកើត” ។ ភ្លាមៗនោះជនរងគ្រោះជាប្តីបាននិយាយដោយចោទទៅលើស្ត្រីជាប្រពន្ធថា “អញដឹងរាល់ថ្ងៃនេះ អ្ហែងមានប្រុសសហាយ អញទៅចង.កហើយ” ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីនិយាយចប់ជនរងគ្រោះក៏បានកាន់ខ្សែគោមួយកំណាត់ដើរចេញពីផ្ទះបាត់មួយសន្ទុះ ទើបស្ត្រីជាប្រពន្ធដើរតាមរកក៏ប្រទះឃើញជនរងគ្រោះ​ជាប្តីចង.កនៅលើមែកស្វាយ ។ ក្រោយពីពិនិត្យឃើញនៅមានដង្ហើមស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារបានប្រញាប់ប្រញ៉ាលដឹក បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យមិនទាន់បានប៉ុន្មានម៉ោងផងនោះជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ៕ ស្អាងជ័យ


ចែករំលែក៖