ព័ត៌មានទាន់ហេតុការណ៍៖

ខឹងចូលដណ្តឹងមិនព្រមយក កាន់ដាវសាំម៉ូរ៉ៃចូលទៅកាប់ឪពុកម្តាយកូនក្រមុំនៅក្នុងមុងស្លាប់និងរបួស រីឯជនដៃដល់ត្រូវបានអ្នកជិតខាងព្រួតវាយរហូតស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ ព្រោះតែខឹងចូលទៅដណ្តឹងជាច្រើនលើកច្រើនសារ កូនក្រមុំមិនព្រមយក ក៏កើតទៅជាគំនុំគំគួន ឈានដល់តេទូរស័ព្ទទៅជេរប្រមាថលើឪពុកម្តាយកូនក្រមុំ និងបានលបទៅកាប់ប្រហារបណ្តាលឲ្យបុរសជាឪពុកស្លាប់យ៉ាងអាណោចអាធ័ម រីឯស្ត្រីជាម្តាយរងរបួសធ្ងន់ ខណៈដែលពួកគាត់ទាំង២នាក់កំពុងសម្រាននៅក្នុងមុងខាងក្រោមផ្ទះ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនដៃដល់ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងជនរងគ្រោះព្រួតគ្នាវាយ និងកាប់ បណ្តាលឲ្យស្លាប់នៅខាងមុខផ្ទះជនរងគ្រោះផងដែរ ។ ករណី​ឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង០០ និង៤០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ២នាក់ប្តីប្រពន្ធ ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះជាប្តីស្លាប់នោះឈ្មោះ ឡូញ លន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ត្រីជាប្រពន្ធរងរបួសធ្ងន់ឈ្មោះ វ័រ រ៉ៃ ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ។

ចំណែកឯជនដៃដល់ដែលត្រូវបានប្រជាពលរដ្ឋព្រួតវាយ និងកាប់រហូតស្លាប់បាត់បង់ជីវិតនោះឈ្មោះ សួន ឧត្តរា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងឆ្នាំ២០១៤ ជនសង្ស័យ និងកូនស្រីជនរងគ្រោះបានទំនាក់ទំនងស្រលាញ់គ្នាអស់រយៈពេលប្រមាណ១ឆ្នាំ កូនស្រីជនរងគ្រោះបានដឹងថា ជនសង្ស័យដែលជាសង្សាររបស់ខ្លួនលួចប្រើប្រាស់គ្រឿងញៀន ទើបកូនស្រីរបស់ជនរងគ្រោះសម្រេ​ច​ចិត្តចែកផ្លូវគ្នាជាមួយជនសង្ស័យ ។ លុះដល់អំឡុងចុងឆ្នាំ២០១៥ ជនសង្ស័យបាននាំឪពុកម្តាយចូលទៅដណ្តឹងកូនស្រីរបស់ជនរងគ្រោះ តែកូនស្រីមិនព្រមទទួលយកជនសង្ស័យ ទើបជនរងគ្រោះជាឪពុកម្តាយឆ្លើយបដិសេធមិនព្រមឲ្យតាមការចូលស្តីដណ្តឹង ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានបន្តទៀតថា ទោះបីជាការចូលស្តីដណ្តឹងលើកទី១បរាជ័យយ៉ាងណាក្តីជនសង្ស័យ នៅតែមិនអស់ចិត្តបានបន្តនាំឪពុកម្តាយចូលស្តីដណ្តឹងកូនស្រីជនរងគ្រោះជាបន្តបន្ទាប់ច្រើនលើកច្រើនសារនៅតែមិនជោគជ័យ រហូតធ្វើឲ្យជនសង្ស័យមានគំនុំគំគួន ។ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានតេទូរស័ព្ទទៅជនរងគ្រោះរករឿងជេរប្រមាថ រហូតធ្វើឲ្យជនរងគ្រោះអត់ទ្រាំមិនបានក៏តបវិញថា “បើឯងខ្លាំងមកផ្ទះអញមក” ។ ភ្លាមនោះជនសង្ស័យបានតបវិញថា “អញទៅ” និយាយចប់ក៏បិទទូរស័ព្ទបាត់ទៅ រហូតដល់វេលាម៉ោង១៩ និង៣០នាទី ថ្ងៃដដែលជនសង្ស័យបានបន្តតេទូរស័ព្ទទៅកូនស្រីជនរងគ្រោះថា “ផ្ទះធ្វើអត់ទាន់រួចផងមានបុណ្យខ្មោចមុន” ។ ពាក្យសំដីនេះកូនស្រីរបស់ជនរងគ្រោះមិនបានចាប់អារម្មណ៍នោះទេ ។ លុះដល់វេលាម៉ោង១២ និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែឆ្នាំដដែល ជនសង្ស័យបានលបចូលទៅកាប់ប្រហារជនរងគ្រោះទាំង២នាក់កំពុងដេកនៅក្នុងមុង បណ្តាលឲ្យបុរសជាប្តីស្លាប់យ៉ាងអណោចអធ័ម រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងជនរងគ្រោះព្រួតគ្នាវាយនិងកាប់ បណ្តាលឲ្យស្លាប់នៅខាងមុខផ្ទះជនរងគ្រោះ ដោយនៅក្នុងដៃជនដៃដល់មានកាន់ដាវសាំម៉ូរ៉ៃផងដែរ ។ បច្ចុប្បន្នសាកសពជនរងគ្រោះ និងសាកសពជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យនៅឯលំនៅដ្ឋានរៀងៗខ្លួន ៕ ស្អាងជ័យ


ចែករំលែក៖