ខ្សែបម្រើប្រយុទ្ធកីឡាករ Alexis Sanchez បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal ឈានទៅប្រកួតពានអង់គ្លេស FA Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមតោខៀវ Chelsea និងផ្តល់ឲ្យលោក Arsene Wenger ក្តីសង្ឃឹមជាថ្មី ខណៈដែលក្រុមវ័យចំណាស់មួយនេះផ្តួលក្រុមក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវកីឡាករ Sergio Aguero បានជួយឲ្យក្រុម Man City មានគ្រាប់បាល់នាំមុខក្នុងតង់ទី២នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញមួយ ក្រុមរបស់លោក Wenger ហាក់ស្ថិតនៅផ្លូវឆ្ពោះទៅកាន់ការរងបរាជ័យដ៏ខកចិត្តមួយផ្សេងទៀតទៅហើយក្នុងរដូវកាលដ៏ត្រដាបត្រដួសបំផុតក្រោមការដឹកនាំរយៈពេល២០ឆ្នាំរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ។ ប៉ុន្តែបើទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់គូប្រជែងរបស់ខ្លួនក៏ដោយ ប៉ុន្តែ Arsenal បានបង្ហាញពីស្មារតីប្រយុទ្ធ និងការស្រេកឃ្លានជ័យជម្នះរបស់ពួកគេ។
គ្រាប់បាល់តាមស្មើរបស់កីឡាករ Nacho Monreal បានបង្ខំឲ្យការប្រកួតឈានដល់នាទីបន្ថែម១៥នាទីពីរដង ហើយការរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Sanchez នៅម៉ោងបន្ថែមនោះ បានជួយឲ្យក្រុមរបស់ខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រដើម្បីជួបជាមួយនឹងក្រុមកំពូលតារាងក្របខ័ណ្ឌ Premier League គឺតោខៀវ Chelsea នៅកីឡដ្ឋាន Wembley នាថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។
សូមបញ្ជាក់ថា ការឈានទៅប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្ររបស់ក្រុមកាំភ្លើងធំ Arsenal ជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីបានឈ្នះពាននេះកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ធ្វើឲ្យពួកគេបង្ហាញខ្លួនជាកំណត់ត្រារហូតដល់ទៅ២០លើក ក្នុងការប្រកួតវគ្គចុងក្រោយនៃយុទ្ធនាការមានវ័យចំណាស់ជាងគេបំផុតមួយនេះ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧៖