ព័ត៌មានទាន់ហេតុការណ៍៖

អ្នកអារឈើម្នាក់ភ្លាត់ស្នៀតឈើដួលរលំសង្កត់ស្លាប់នៅក្នុងព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលគេអះអាងថា ជាអ្នកអារឈើ បានភ្លាត់ស្នៀតឈើដួលរលំសង្កត់ស្លាប់យ៉ាងរន្ធត់ នៅក្នុងព្រៃ ខណៈទៅអារផ្ដួលដើមឈើ ១ដើមធំដើម្បីអារច្រៀក នេះពិតជាបាបកម្មដោយសារដើមឈើពិតប្រាកដមែន។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអូររំសូ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ផាន់ ណា ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានមកចំណុចកើតហេតុដើម្បីអារច្រៀកឈើ ប៉ុន្តែជាអកុសល់ក៏បានភ្លាត់ស្លៀតដើមឈើ ១ដើមធំ ដួលរលំសង្កត់ស្លាប់បែបនេះតែម្តង។

លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបន្តថា មូលហេតុដោយសារគាត់ទៅអារផ្ដួលរលំដើមឈើ ១ដើមធំ ដើម្បីក្នុងគោលបំណងអារច្រៀកចេញជាគ្រឿងផ្ទះ ប៉ុន្តែមិនដឹងយ៉ាងម៉េច បានជាភ្លាត់ស្នៀតដើមឈើនោះរលំសង្កត់ស្លាប់បែបនេះ។

លោក វរសេនីយ៍ត្រីបន្តទៀតថា ក្រោយហេតុការណ៍ភ្ញាក់ផ្អើលបានឡើងកម្លាំងបានចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិមកទទួលយក ដើម្បីចាត់ចែងបន្តតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖