ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបញ្ចកោណអាមេរិក ស្នើកូរ៉េខាងជើងបញ្ចប់ការឌឺដង

ចែករំលែក៖

នៅពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង និងអាមេរិកនៅតែបន្តកើនឡើង មន្ទីរបញ្ចកោណអាមេរិកបានស្នើដល់កូរ៉េខាងជើងបញ្ឈប់ការឌឺដង បង្កឲ្យតានតឹងខ្លាំងជាងនេះ។ ក្នុងពេលជាមួយគ្នានេះដែរ កូរ៉េខាងជើងបានថ្កោលទោសដល់ការធ្វើសមយុទ្ធរួមរបស់អាមេរិក និងជប៉ុន ។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណអាមេរិក លោក Gary Ross បញ្ជាក់ថា «យើងអំពាវនាវដល់កូរ៉េខាងជើង រក្សាការអត់ធ្មត់ មិនត្រូវមានសកម្មភាព ណាមួយបង្កវិវាទកាន់តែធ្ងន់ឡើយ ហើយកូរ៉េខាងជើង ត្រូវតែបំពេញទៅតាមការងារ និងការសន្យាអន្តរជាតិរបស់ខ្លួន វិលត្រឡប់ចូលតុពិភាក្សាវិញ។

លោក Gary Ross បញ្ជាក់ទៀតថា « កម្មវិធីបរមាណូរបស់ កូរ៉េខាងជើង គឺជាការខុសច្បាប់ និងជាការគំរាមកំហែង ដល់ប្រទេសជាច្រើនក្នុងតំបន់ ក្នុងនោះមានអាមេរិកផងដែរ។ ការប្រកាសខាងលើ របស់ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកកើតឡើងក្រោយពេលដែល កូរ៉េខាងជើង ប្រកាសនឹងកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក ពេលកំពុងធ្វើសមយុទ្ធជាមួយជប៉ុន។

នៅពេលនេះ នាវាផ្ទុកយន្តហោះ អាមេរិក USS Carl Vinson កំពុងតែ ធ្វើសមយុទ្ធជាមួយជប៉ុន ដែលជាការត្រៀមលក្ខណៈទប់ទល និងការវាយប្រហារពីកូរ៉េខាងជើង ។ ចំណែកកូរ៉េខាងជើងវិញចាត់ទុកថា ជាការប៉ុនប៉ងឈ្លានពាន របស់អាមេរិក ។

នៅពេលនេះដែរ ក្រុមអ្នកតាមដានសកម្មភាពកូរ៉េខាងជើង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមិនទាន់មានសកម្មភាពណាមួយ សម្រាប់សាកល្បងគ្រាប់បែកបរមាណូនៅឡើយទេ បើទោះបីអ្នកឯកទេស យល់ឃើញថា កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកបរមាណូលើកទី៦ក៏ដោយ ។ កូរ៉េខាងជើង ក៏បានដឹងពីការត្រៀមលក្ខណៈវាយប្រហារនេះផងដែរ ដូច្នេះកូរ៉េខាងជើង មិនធ្វើអ្វីនាពេលនេះឡើយ ខ្លាចអាមេរិកវាយប្រហារដូច នៅស៊ីរី ។ពេលនេះ អាមេរិកបានបញ្ជូនអាវុធមកកៀកកូរ៉េខាងជើងរួចរាល់ហើយ ក្នុងនោះមានទាំង នាវាមុជទឹកដើរដោយថាមពលបរមាណូ និងកាំជ្រួចមិស៊ីល ៧០០ ដែលអាចកម្ទេចកូរ៉េខាងជើង ទៅជាផេះបាន ។

ពាក់ព័ន្ធនិងស្ថានភាពកូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃនៅថ្ងៃទី២៤ ខែមេសា បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងប្រទេសផ្ដាច់ការកូរ៉េខាងជើង ពីការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់របបកម្មុនិស្ដខាងលើ។ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។

នៅក្នុងនោះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា “នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃនេះ យើងបានចែករំលែក នូវមតិយោបល់ដែលអាមេរិក និងជប៉ុន នឹងបន្ដទាមទារឲ្យប្រទេសកូរ៉េខាងជើង អត់ធ្មត់ពីឥរិយាបថបង្កជម្លោះ” ហើយប្រធានាធិបតីអាមេរិក ក៏បានជជែកជាមួយនឹងប្រធានាធិបតីចិនលើបញ្ហាដូចគ្នានេះដែរ ។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំង៣រូប ខាងលើនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្ដាច់ការ កូរ៉េខាងជើង កំពុងរៀបចំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ដើម្បីប្រារព្ធខួបលើកទី៨៥ នៃថ្ងៃបង្កើតកងកម្លាំងយោធារបស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា៕ ម៉ែវ សាធី


ចែករំលែក៖