អឺរ៉ុប គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក ហើយក៏ជាគ្រឹះជួយការពារមហាអំណាចទីមួយលើពិភពលោករបស់អាមេរិកផងដែរ ទាំងសេដ្ឋកិច្ចនិងយោធា។ ចំណុចទាំងនោះហើយបើទោះបីអាមេរិកមាន ប្រធា នាធិបតី ណាក៏ដោយត្រូវតែពង្រឹងទំនាក់ ទំនងជាមួយអឺរ៉ុប ជាចាំបាច់។
កន្លងមកក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ អាមេរិកមានទំនាក់ ទំនង មិនសូវ ប្រសើរជាមួយអឺរ៉ុបឡើយ ដោយសារតែលោកត្រាំគាំទ្រការចាក ចេញពីអឺរ៉ុបរបស់អង់គ្លេស ។ ប៉ុន្តែទំនាក់ ទំនងសេដ្ឋកិច្ចរវាងអាមេរិកនឹងប្រទេស តំបន់អឺរ៉ុបនៅតែជាសំខាន់ដដែល ក្នុងនោះ មានប្រទេស អាល្លឺម៉ង់ បារាំង និងប្រទេស អង់គ្លេសផងដែរ។
សហរដ្ឋអាមេរិកអាចនឹងពិភាក្សាពីកិច្ចព្រមព្រៀងដោះប្តូរ ពាណិជ្ជកម្មសេរីជា មួយសហភាពអឺរ៉ុប មុននឹងជជែកជាមួយ អង់គ្លេស។ រដ្ឋបាលលោកដូណាល់ ត្រាំ អាចដឹងក្នុងចិត្តមុនរួចហើយថា កិច្ចព្រមព្រៀងដោះដូរជាមួយអឺរ៉ុប២៧ប្រទេស មានប្រយោជន៍សម្រាប់អាមេរិកជាងកិច្ចព្រមព្រៀងដោះដូរជាមួយ អង់គ្លេស។ យោង តាម សារព័ត៌មាន Times នៅទីក្រុងឡុង ប្រមុខដឹកនាំអាល្លឺម៉ង់ អេនហ្គេឡា មែរ គែល បានបញ្ចុះបញ្ចូលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ថាការពិភាក្សាពី កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប គឺមិនស្មុគស្មាញខ្លាំង ដូចបានគ្រោងទុកទេ ហើយការចរចានេះអាចនឹងដំណើរការលឿនទៅមុខទៀតផង មុននឹងអាមេរិកត្រូវជជែកជាមួយអង់ គ្លេស។
មេដឹកនាំអាល្លឺម៉ង់ មួយរូបបានប្រាប់ថា លោកដូណាល់ ត្រាំ បាននិយាយជាមួយ លោកស្រីមែរគែល ១០ដង សុំចរចាកិច្ច ព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីជាមួយអាល្លឺម៉ង់។ ប៉ុន្តែ ទាំង១០ដងនេះ ប្រមុខដឹកនាំអាល្លឺម៉ង់បានប្រាប់លោកត្រាំថា មិនអាច ជជែកជាមួយអាល្លឺម៉ង់បានទេ គឺអាចជជែកបានតែជាមួយសហភាពអឺរ៉ុបប៉ុណ្ណោះ។ ដូច្នេះ លោកត្រាំច្បាស់ជាយល់ពីបំណងលោកស្រីមែរគែលច្បាស់ណាស់។ ដ្បិត ថា លោកត្រាំធ្លាប់សន្យាពិភាក្សាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មជាមួយ អង់គ្លេស ប៉ុន្តែ ពេលនេះលោកត្រាំប្រហែលជាដឹងថា ទំរាំអង់គ្លេសអាចដើរចេញឲ្យដាច់ស្រឡះពីសហភាពអឺរ៉ុប គឺត្រូវរង់ចាំយ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០១៩ដែរ។ ដរាបណាអង់គ្លេសមិនទាន់ផ្តាច់ចេញពីអឺរ៉ុប ការចរចាកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរី រវាងអាមេរិកនឹងអង់គ្លេសមិនអាច ដំណើរ ការបានល្អស្រួលនោះទេ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងដោះដូរជាមួយ២៧ប្រទេសនៃសហភាពអឺរ៉ុប វាមានប្រយោជន៍សម្រាប់ អាមេរិក ជាងកិច្ចព្រមព្រៀងជាមួយអង់គ្លេសតែមួយប្រទេស។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បង្ហាញសុទិដ្ឋិនិយមថា អាមេរិកនិងអឺរ៉ុប អាចនឹងសម្រេចបានកិច្ចព្រមព្រៀងដោះ ដូរពាណិជ្ជកម្មជាមួយគ្នាបានឆាប់រហ័ស។
ដោយឡែក ដ្បិតថានយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់រដ្ឋបាលលោកត្រាំផ្តោតលើ ជំហរការពារផលប្រយោជន៍អាមេរិកជាធំមែន តែកាលពីថ្ងៃសុក្រ ក្នុងជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG២០ នៅក្រុងវ៉ាស៊ីន តោន អាមេរិកមិនបានបង្ហាញជំហរច្បាស់លាស់ទាក់ទងនឹងជំហរសេដ្ឋកិច្ចជាតិនិយមដូចរាល់ដងទេ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ បានអួតរហូតថា ក្នុងកិច្ចប្រជុំនេះ ប្រទេសG២០ជាច្រើនបានព្រមព្រៀងគ្នាថា ជំហរសេដ្ឋកិច្ចជាតិនិយមនេះអាចមិនល្អចំពោះសេដ្ឋកិច្ចពិភពលោក- គេព្រមព្រៀងថា ការដោះដូរសេរីគឺជាអ្វីដែលប្រសើរសម្រាប់សេដ្ឋកិច្ចពិភពលោក និងសម្រាប់ប្រទេស នីមួយៗ៕ ម៉ែវ សាធី