ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃ ឆែកឆេរអគារមួយកន្លែងក្នុងស្រុកអារញ្ញ័រកឃើញពលករខ្មែរ៦៥នាក់ ត្រូវគេបង្ខាំងទុក

ចែករំលែក៖

ប្រទេសថៃៈ តាមទូរទស្សន៍ក្នុងស្រុករបស់ថៃបានចេញផ្សាយថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ថា សមត្ថថៃបានសម្រុកទៅជួយសង្រ្គោះពលករខ្មែរ៦៥នាក់ ដែល មេខ្យល់បង្ខាំងទុកក្នុងអគារ២ជាន់ នៃផ្សារឥណ្ឌូចិន បរិវេណផ្សាររោងគ្លឿ ផ្សារជាយដែន ស្រុកអារញ្ញ ទើបនាំកម្លាំងចុះទៅកន្លែងកើតហេតុ ព្រមទាំងប្រើឧបករណ៍គាស់ទ្វារខាងក្រោយអគារ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរ ប្រុស-ស្រីរួមទាំងក្មេងៗអង្គុយបញ្ជ្រៀតគ្នា ទាំងជាន់លើ និងជាន់ក្រោម សរុបចំនួន៦៥នាក់។

ប្រភពបន្តថា ពេលត្រួតពិនិត្យ ពលករទាំងនោះពុំឯកសារគ្រប់គ្រាន់ក្នុងការធ្វើដំណើរ និងស្ថិតក្នុងសភាពហេវហត់ ។ ក្រោយការត្រួតពិនិត្យ ទើបដឹងថា: ពលករទាំងអស់គ្នាលួចឆ្លងដែនទៅធ្វើការនៅទីក្រុងបាងកក និងខេត្តសមុទ្រប្រាកាន(ថៃ) ដោយមានមេខ្យល់ជនជាតិខ្មែរនៅប៉ោយប៉ែត ជាអ្នកទាក់ទងឲ្យលបលួចចូលមកប្រទេសថៃ តាមបណ្ដាច្រករបៀងផ្សេងៗ។ បន្ទាប់មកឲ្យស្នាក់បណ្ដោះអាសន្ននៅអគារខាងលើ តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ រហូតមក ដោយយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗពី២០០០-២៥០០បាត និងប្រាប់ថា: ឲ្យរង់ចាំសិនបន្តិចទៀតនឹងមានរថយន្តមកទទួល ទៅធ្វើការ ប៉ុន្តែរង់ចាំរយះពេលជាង៣ថ្ងៃហើយ នៅតែមិនមានរថយន្តមកទទួល ។

ប្រភពបន្តថា ជាបឋមសមត្ថកិច្ចបាននាំខ្លួនពលករទាំងអស់ ទៅឲ្យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ យកទៅសួរនាំដើម្បីបញ្ជូនខ្លួនមកកម្ពុជាវិញ ព្រមទាំងតាមចាប់ខ្លួនមេខ្យល់ ដោយសន្និដ្ឋានថា: ជាក្រុមជួញដូរមនុស្សជនជាតិកម្ពុជា ដែលលបលួចចូលមករកស៊ីនៅផ្សាររោងគ្លឿ ។

ក្រោយសួរនាំ សមត្ថកិច្ចបានឲ្យដឹងថា: អគារខាងលើគឺមានពលរដ្ឋកម្ពុជាជាអ្នកជួលដើម្បីលក់ដូរ តែនៅមិនទាន់ឃើញមានលក់អ្វីនោះទេ បិទទ្វារខាងមុខរហូត ទើបសមត្ថកិច្ចត្រៀមកោះហៅម្ចាស់អគារ ដែលជាអ្នកជួលមកសួរនាំថា អ្នកមកជួលជាអ្នកណា ដើម្បីនាំខ្លួនមកដំណើរក្ដីតាមច្បាប់។

បញ្ហាខាងលើនេះលោកលឹម តិច នាយរងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាបានប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានខាងលើនេះឡើយ ។ លោកថាលោកនឹងទាក់ទងសួរទៅភាគីថៃសិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ២០១៧ កន្លងទៅថ្មីៗនេះ ពលករខ្មែររាប់ពាន់នាក់ត្រូវកកស្ទះនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយខាងភាគីថៃមិនអនុញ្ញាតឲ្យចូលក្នុងប្រទេសគេ ខណៈច្រករបៀងនីមួយៗត្រូវបានរិតបន្តឹងដោយភាគីថៃនោះ ៕ វណ្ណា


ចែករំលែក៖