ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅរកត្រីត្រូវរន្ទះបាញ់ស្លាប់ខណៈមេឃភ្លៀង និងមានខ្យល់កន្ត្រាក់ខ្លាំង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលទៅរកត្រី ហើយមានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង។ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្ទឹងចក ក្នុងភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អ្នកភូមិឲ្យដឹងថា បុរសរងគ្រោះឈ្មោះ គឿម កាន់ អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅរកត្រី ខណៈដែលអាកាសធាតុធម្មតា លុះចេញផុតពីផ្ទះអាកាសធាតុបានប្រែប្រួលដោយមេឃខ្មៅងងឹតបន្ទាប់ពីក្តៅខ្លាំង ហើយក៏មានខ្យល់បោកបក់លាយឡំជាមួយភ្លៀងផ្គររន្នះផង គ្រាដែលជនរងគ្រោះកំពុងរកត្រីនៅចំណុចស្ទឹងចក ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។

គួរបញ្ជាក់ថា ករណីនេះក្រោយពីមានហេតុការនេះកើតឡើង សមត្ថកិច្ចបានចុះពិនិត្យសាកសពជនរងគ្រោះរកឃើញនៅលើជនរងគ្រោះមានស្នាមឆេះខ្លោចដោយគ្រាប់រន្ទះ ហើយបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា


ចែករំលែក៖