ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ដូចជាផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវបង្ក្រាបបទល្មើសផ្សេងៗដូចជា ករណីលួច គាស់ផ្ទះ ឆក់ ប្លន់ ជាពិសេស បញ្ហាគ្រឿងញៀនបានស្ទើរតែរៀងរាល់ថ្ងៃ ហើយជនដែលប្រព្រឹត្តិ(អ្នកជួញដូរ) ក៏ដូចជាអ្នកទិញយកទៅប្រើប្រាស់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ រួចក៏សាងសំណុំបែបបទបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមផ្លូវច្បាប់។ ប៉ុន្តែជនខ្លះត្រូវបានបញ្ជូនទៅមន្ទីរកែប្រែអប់រំ និងបន្សាបគ្រឿងញៀនដើម្បីឲ្យពួកគេវិលត្រឡប់មកវិញគេចវេះពីគ្រឿងញៀនទាំងនោះព្រោះ វាគ្មានផលប្រយោជន៍អ្វីដល់ខ្លួន និងសង្គម គ្រួសារឡើយ។
ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចមិនថានៅតែខណ្ឌឫស្សីមួយប៉ុណ្ណោះទេ តាម បណ្តាខណ្ឌទាំង១២ ការិយាល័យជំនាញ ក៏ដូចជានៅតាមបណ្តារាជធានីខេត្តក្រុងទាំង២៥ផងដែរ តែគេសង្កេតឃើញថាការ បង្ក្រាបទាំងនោះបានតែទៅលើជនតូច តាចប៉ុណ្ណោះសម្រាប់មេខ្លោងធំៗមិនដែលឃើញបង្ក្រាបបាននោះឡើយ។
ជាក់ស្តែងនៅវេលាម៉ោង២ និង៣០ នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍ ឫស្សីកែវបានឃាត់ខ្លួនបុរស២នាក់រួមជា មួយថ្នាំញៀនប្រភេទក្រាមពណ៌ស១ថង់ធំ និងម៉ូតូ១គ្រឿង ម៉ាកអុិចអ៊ែរ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1FG-2507 ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់នេះត្រូវបានឃាត់ខ្លួននៅចំណុចក្រុម៤ ភូមិឃ្លាំងសាំង តាមបណ្តោយផ្លូវ ជាតិលេខ៥ លើសួនច្បារមុខទីតាំងស្តុប ជិតស្ថានីយ៍ប្រេងឥន្ធនៈសូគីមុិច។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ស៊ុន សារ៉ាត់ ភេទប្រុស អាយុ២៥ ឆ្នាំ ហៅបារាំង មានទីលំនៅផ្ទះជួលក្នុង សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ទី២.ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
មន្រ្តីដដែលបានបន្ថែមថា ក្រោមការឃាត់ខ្លួនកម្លាំងយើងដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា១ថង់ធំ និងម៉ូតូ អុិចអ៊ែរ១គ្រឿង ហើយជនទាំង២នាក់នោះត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ អរុណរះ