ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រកាសថា នឹងសាកល្បង អាវុធថ្មីទប់ទល់នឹងការដាក់ពង្រាយ មីស៊ីល THAAD នៅកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី២៧ ខែមេសា ក្រសួងការពារជាតិចិន បានប្រកាសថា នឹងមានសមយុទ្ធ៥លើកផ្សេងៗគ្នាបាញ់គ្រាប់ពិត និងសម្ភារការពារមួយចំនួនទៀត ដើម្បីធានាដល់សន្តិសុខជាតិ ។ សកម្មភាពទាំងនោះ គឺជាការតប់តទៅនឹងការដាក់មីស៊ីលការពារ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។

ការប្រកាសខាងលើ របស់ចិន ក្រោយពេលដែល អាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នា ដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ក្នុងករណីដែលកូរ៉េខាងជើង មានសកម្មភាព ឌឺដង ឬសាកល្បងអាវុធបន្ថែមទៀត។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD បានប្រព្រឹតទៅយ៉ាងរលូន បើទោះបីមានការប្រឆាំង យ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាប្រទេសជិតខាង ក្តី។

រដ្ឋាភិបាលចិនបានបញ្ជាក់ថា ប្រព័ន្ធរ៉ាដានៃមីស៊ីលTHAAd អាចគ្រប់ដណ្តប់យ៉ាងជ្រៅនៅក្នុងទឹកដីចិន ក៏ដូចជា តាមដាន់អាវុធទំនើបៗរបស់ចិន បានគ្រប់ពេល ។

ពាក់ព័ន្ធនឹងកូរ៉េខាងជើង ចិនក៏បានប្រាប់អាមេរិកថា ទីក្រុងប៉េកាំបានព្រមានដល់ ប្រទេសនេះ ប្រសិនបើមានការសាកល្បង អាវុធបន្ថែមទៀតនោះ ចិន នឹង ដាក់ទណ្ឌកម្មយ៉ាងតឹងតែង ទៅលើទីក្រុងព្យុងយ៉ាង។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនបារម្ភ ពីការ វាយប្រហាររបស់អាមេរិកទៅលើកូរ៉េខាងជើង ប៉ះពាល់ដល់ប្រទេសចិនផងដែរ ។ ទាំងនោះហើយ ទើបចិនគំរាមកូរ៉េខាងជើង មិនឲ្យសាកល្បងអាវុធជាបន្តទៀត។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Trillerson បានលើកឡើងថា ភាគីចិន បានប្រាប់អាមេរិកថា ខ្លួនបានព្រមានទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើងថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគី ប្រសិនបើក្រុងព្យុងយ៉ាងប្រតិបត្តិការធ្វើតេស្ដិ៍អាវុធនុយក្លេអ៊ែរ ដូចនឹងអ្វីដែលសម្ពន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានព្រមាននោះ។ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មានបំណងដាក់សម្ពាធលើប្រទេសផ្ដាច់ការកូរ៉េខាងជើង ឲ្យបោះបង់ចោល នូវកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការការទូតផ្សេងទៀត ស្របពេលដែលការបើកចំហរកិច្ចចរចានៅតែមានសម្រាប់របបផ្ដាច់ការខាងលើ ក្រោយពីអាមេរិកប្រកាសពីការដាក់ទណ្ឌកម្មរួច ប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសពីជំហរស្របគ្នាទៅនឹងសម្ពន្ធមិត្តអាមេរិករបស់ខ្លួនដែរ ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងរដ្ឋមន្រ្តី ការបរទេសអាមេរិក លោក Rex Tillerson អនុរដ្ឋមន្រ្តីការពារជាតិ និងជានាយកស៊ើបការណ៍សម្ងាត់ជាតិបានឲ្យដឹងថា ការខិតខំប្រឹងប្រែង របស់ ប្រទេសផ្ដាច់ការកូរ៉េខាងជើងទៅលើអាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែង សន្តិសុខជាតិជាបន្ទាន់មួយ និងអាទិភាព គោលនយោបាយការបរទេសកំពូល ហើយការិយាល័យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាឲ្យមានការពិនិត្យយ៉ាងហ្មត់ចត់ទៅលើគោលនយោបាយរបស់អាមេរិក ដែលទាក់ទងទៅនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា វិធីសាស្រ្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគោលបំណងដាក់សម្ពាធលើប្រទេសកម្មុនិស្ដកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន និងការរីកសាយកម្មវិធីខាងលើនេះ ដោយរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច និង ការបន្តវិធានការផ្នែកកាទូតជាមួយសម្ពន្ធមិត្ត និងដៃគូក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖