ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ប្រណាំង និងជិះកង់ដើម្បីសប្បុរសធម៌កម្ពុជា បានចុះឈ្នោះជាង១ពាន់នាក់ហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាអត្តពល បានប្រាប់ឲ្យដឹងក្រោយកិច្ចប្រជុំ គណៈកម្មការ បច្ចេកទេស របស់សហព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា ព្រឹត្តិការណ៍ រត់ប្រណាំង និងជិះកង់ដើម្បីសប្បុរសជនកម្ពុជា ដែលគ្រោងប្រព្រឹតទៅ នាព្រឹកថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យទី២៩ -៣០ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌពិព័រណ៌ និងសន្និបាតកោះពេជ្រ ទទួលបានអ្នកចុះឈ្មោះ ប្រមាណជាង១ពាន់នាក់ រួចហើយ ប៉ុន្តែគណៈកម្មការនៅតែបន្តទទួលចុះឈ្មោះបន្តទៀត រហូតដល់ល្ងាចថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០១៧ ។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ចំពោះកិច្ចប្រជុំគណៈកម្មការបច្ចេសនាពេលនេះ គឺចង់ឲ្យដំណើរ នៃការប្រព្រឹតទៅបានដោយរលូន ទាំងការគ្រប់គ្រងបច្ចេកទេស និង ក្រុមការងារ ស្ម័គ្រចិត្ត នៅតាមគោលដៅ ដែលគណៈកម្មការបានកំណត។ ដោយឡែក គោលបំណងដែលសហព័ន្ធបានបង្កើតព្រឹត្តិការណ៍នេះឡើង សម្រាប់ពង្រឹងកិច្ចការងារ រដ្ឋបាល មន្ត្រីសហព័ន្ធ បង្កើតបទពិសោធន៍ ដល់គណៈកម្មការ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីត្រៀមខ្លួនជាស្រេច មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តការណ៍ថ្នាក់តំបន់លើកដំបូងនេះ ។

លោកបានបន្ថែមថា ក្រៅពីបានផលប្រយោជន៍ មកដល់មន្ត្រី និងកីឡាករកីឡាការិនី របស់ខ្លួនហើយនោះ ព្រឹត្តិការណ៍ រត់ និងជិះដើម្បីសប្បុរសជនកម្ពុជា និងប្រមូលថវិកា បានពីការចុះឈ្មោះ របស់កីឡាករ កីឡាការិនី យុវជន និងប្រជាពលរដ្ឋ ដែលស្រឡាញ់ ចូលចិត្ត រត់ និងជិះកង់ សម្រាប់សុខភាព ក៏ជាបានចូលរួមចំណែក ធ្វើអំពើល្អក្នុងសង្គម ជួយដល់អ្នកដែលខ្វះលទ្ធភាព ឬក៏សាលា ដែលខ្វះខាត់ហេដ្ឋារចនាសម្ព័ន្ធ នៅខេត្ត ក្រុង ឆ្ងាយៗ ។

គួរបញ្ជាក់ថា ចំពោះ វិញ្ញាសារត់ប្រណាំង មានចំនួន៣ គឺរត់ចម្ងាយ២១គីឡូម៉ែត្រ បុរស នារី ។ វិញ្ញាសារត់ ចម្ងាយ១០គីឡូម៉ែត្រ បុរស នារី និងវិញ្ញាសារត់កម្សាន្ត ចម្ងាយ៣គីឡូម៉ែត្រ បុរស នារី។ រីឯ វិញ្ញាជិះកង់ ចម្ងាយ១០០គីឡូម៉ែត្រ ដែលចាប់ផ្តើមនាព្រឹកថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០១៧ បានចែកចេញជា ៣ប្រភេទអាយុ គឺ ប្រភេទអាយុទី១ អាយុចាប់ពីចន្លោះពី ១៥ឆ្នាំ ដល់២៩ឆ្នាំ ឬហៅ(Novice) ប្រភេទអាយុទី២ អ្នកជិះកង់អាយុចន្លោះពី៣០ឆ្នាំ ដល់៤០ឆ្នាំ ( Elite )និងប្រភេទអាយុទី៣ ចាប់អាយុ៤០ឆ្នាំឡើង ដោយមិនកំណត់ (Master) ៕


ចែករំលែក៖