ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ក្នុងវត្តជម្ពូវ័នសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល បន្ទាប់ពីព្រះសង្ឃគង់នៅវត្តជម្ពូវ័ន បានប្រទះឃើញលោកតាម្នាក់ដេកស្លាប់នៅក្រោមដើមពោធិ៍ សង្ស័យខ្យល់គរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់​ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ នៅក្រោមដើមពោធិ៍ក្នុងវត្តជម្ពូវ័ន​ ស្ថិតក្នុងក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសំដីលោកតា ង៉យ សំអាង​ ដែលជាគ្រូបង្រៀនព្រះសង្ឃនៅក្នុងវត្តជម្ពូវ័នបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ រួបគាត់កំពុងនៅក្នុងថ្នាក់រៀន​ ស្រាប់តែមានព្រះសង្ឃមួយអង្គ បានមកប្រាប់ថា ឃើញជនអនាថាម្នាក់ បានដេកស្លាប់នៅក្រោមដើមពោធិ៍ជិតត្រពាំងទឹក​ ពេលនោះ រួបគាត់ក៏បានមកមើលឃើញជាក់ស្តែង ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យ។

សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះខាងលើ​ ស្លៀកខោ​ ការ៉ូ​ ពាក់អាវការ៉ូល្អិត​ ដៃវែងពីខាងក្រៅ និងពាក់អាវយឺតខាងក្នុង ។ ក្នុងនោះមត្ថកិច្ចបានឆែកឆេរកឃើញសៀវភៅនិងប័ណ្ណពិនិត្យសុខភាព​ ដែលមានឈ្មោះគឹម​ សាមេត​ ភេទប្រុសអាយុ៦០ឆ្នាំ​ ម្នាក់នៅភូមិអណ្តូង​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ ។

ក្រោយមកសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារសព តែមិនបានមកទទួលទេ ដោយសារតែមានជំងឺធ្ងន់ និងខ្វះជីវភាព ទើបសមត្ថកិច្ចសម្រេចប្រគល់ឲ្យអាចារ្យយកទៅបូជានៅក្នុងវត្តជម្ពូវ័នតែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖