ភ្នំពេញ ៖ ការិយាល័យជំរុញ កិច្ចការប្រជុំនិងរៀបចំពិព័រណ៍ (អង្គការសារណៈ) ឬ TCEB រួមជាមួយ Cambodia Association of Travel Agents (CATA) បានរៀបចំកម្មវិធី Roadshow នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតសាខា និងភាពរឹងមាំដល់អ្នកជំនួញ ខាងវិស័យឧស្សាហកម្ម MICE នៅក្នុងបណ្តាប្រទេស CLMVT និងពងង្រីកកិច្ចសហប្រតិបត្តការឈានឆ្ពោះទៅកាន់ GMS នាពេលអនាគត។
លោក ណុបផះរ៉ាត់ មេថាវីគុលឆៃ នាយកការិយាល័យជំរុញកិច្ចការប្រជុំនិងរៀបចំពិព័រណ៍ (អង្គការសារណៈ) បានថ្លែង នៅក្នុងពិធី Thailand MICE Roadshow Cambodia 2017 កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថា ការរៀបចំនូវកម្មវិធីនេះ ក្នុងគោលបំណងប្រមូល ផ្ដុំកម្លាំងសាងភាពរឹងមាំ ពង្រីកឧស្សាហកម្ម MICE (ការជួបជុំ, ការលើកទឹកចិត្ត, ធ្វើសន្និសីទ និងការតាំងពិពណ៍) ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកាន់អនុភូមិភាគ តំបន់ទន្លេមេគ (GMS)។
លោកបានបន្តថា “ខណៈនេះឧស្សាហកម្ម MICE បានចាប់ផ្ដើមចូលមកមានតួនាទី ជំរុញសេដ្ឋកិច្ចនៅក្នុងភូមិភាគ មានភ្ញៀវទេសចរណ៍ MICE លើពិភពលោក ធ្វើដំណើរមកចាត់ចែងប្រជុំ សិក្សា អំពីការងារ រួមទាំងមកទេសចរណ៍ដើម្បីជារង្វាន់ ក្នុងបណ្ដាប្រទេសអាស៊ាន បានកើនឡើងរាល់ឆ្នាំ” ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា “ការចូលរួមក្នុងវេទិកានេះ បានធ្វើឲ្យធុរជននៅកម្ពុជា បានជួបជាមួយដៃគូ MICE ពិតប្រាកដ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាន់តែខ្លាំងឡើង” ។
ក្រៅពីកម្ពុជា ប្រទេសនៅតំបន់អាស៊ានមានដូចជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ក៏កំពុងសហការជាមួយ TCEB ផងដែរ ហើយកម្ពុជាការរៀបចំ នូវវេទិកានេះ គឺជាលើកទី២ បន្ទាប់រៀបចំនៅឆ្នាំ២០១៦ ទទួលបានជោគជ័យ ។ ឆ្នាំកន្លងទៅនេះ មានអ្នកដំណើរ MICE បានធ្វើដំណើរពីកម្ពុជាទៅថៃចំនួន ៤ ៤៩៥នាក់ បង្កើតចំណូលដល់ប្រទេសថៃចំនួន ៤២១.៤៣លានបាត ហើយឆ្នាំ២០១៧នេះ អាចកើតឡើង ៣,៥ភាគរយ។
សូមបញ្ជាក់ថា សម្រាប់ការរៀបចំ Thailand MICE Roadshow Cambodia 2017 គឺជាវេទិការផ្តល់ទិន្នន័យ និងនយោបាយ និងផ្លាស់ប្តូរបទពិសោធន៍ បញ្ហានិងឧបសគ្គផ្សេងៗ ជាពិសេសការនាំមកនូវឧស្សាហកម្ម MICE ជាចំណែកមួយក្នុងការរុញច្រានផ្នែកធុរកិច្ច ដោយផ្នែករដ្ឋ និងអ្នកជំនួញ MICE លំដាប់ថ្នាក់ឈានមុខរបស់ថៃនិងកម្ពុជា ចូលរួមកម្មវិធីជាមួយគ្នានេះ ក៏បានចាត់វេទិការដៃគូធុរកិច្ច Table Top Session ដោយមានអ្នកជំនួញ MICE ពីប្រទេស ថៃ ចូលរួមផ្តល់នូវផលិតផល និងសេវាកម្ម ប្រូម៉ូសិន ពិសេសសម្រាប់ការរៀបចំសិក្ខាសាលា និងទេសចរណ៍ជារង្វាន់ ចំនួន២៤នាក់ និងមានផ្នែកធុរកិច្ចខាងកម្ពុជា ចាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ជាង៨០នាក់ ដែល TCEB ជឿជាក់ថា ការរៀបចំ Roadshow លើកនេះ នឹងតភ្ជាប់សាខាជាមួយក្រុមគោលដៅចាស់ និងវាយលុកទីផ្សារ ទៅកាន់ក្រុមគោលដៅថ្មី នៅកម្ពុជាអោយបានល្អប្រសើរ ហើយជាឪកាសដ៏ល្អក្នុងការសាងនូវ ភាពរឹងមាំសម្រាប់ ឧស្សាហកម្ម MICE រវាងកម្ពុជា និង ថៃ បានយ៉ាងមានប្រសិទ្ធភាព ដើម្បីភាពងាយស្រួលក្នុងការ តភ្ជាប់ឆ្ពោះទៅកាន់ទីផ្សារ GMS នាពេលអនាគត៕ស តារា