ព័ត៌មានទាន់ហេតុការណ៍៖

ចុះមុជទឹកស្ទឹងទាំងស្រវឹងជោក បាត់ខ្លួនមួយយប់ ព្រឹកឡើងទើបឃើញអណ្ដែតសាកសព

ចែករំលែក៖

ខេតពោធិ៍សាត់៖ បុរសប្រពន្ធចាស់ម្នាក់ ត្រូវបាននគរបាលអះអាងថា មានជំងឺស្កន់ ហើយបានផឹកស្រាស្រវឹងជោកជាំ ចុះទៅមុជទឹកក្នុងស្ទឹង គ្រានោះបានបាត់ខ្លួនមួយយប់ លុះព្រឹកឡើងទើបប្រទះឃើញសាកសពអណ្ដែត បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីថ្មីស្ពានដែកស្ទឹងបំណក់ ភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីលោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត យ៉ាង ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ រី ឡឹង អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ ប៉ុន្តែមិនបានបញ្ជាក់ថា មានកូនឬគ្មាននោះទេ។

ប្រភពពីលោកអធិការបន្តថា ក្រោយកើតហេតុ និងទទួលបានព័ត៌មាន កំលាំងជំនាញរបស់អធិដ្ឋាននគរបាលបានចុះស្រាវជ្រាវក្នុងករណីនេះ លទ្ធផលឃើញថា ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ ខណៈខ្លួនគាត់កំពុងមានជំងឺប្រចាំកាយ(ស្កន់) ហើយនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជាង ៨យប់ ត្រូវបានគេសង្ស័យទំនងបែបក្តៅក្រហល់ក្រហាយក្នុងខ្លួនពេក ក៏បានចុះមុជទឹកក្នុងស្ទឹងដូចបានរៀបរាប់ខាងលើ គ្រានោះប្រពន្ធរង់ចាំបាត់យូរពេក ទើបហៅញាតិក្បែរខាង នាំគ្នាជួយដើររក តែរកមិនឃើញ លុះព្រឹកឡើងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ទើបប្រទះឃើញសាកសព អណ្តែតឡើងបង្កការភ្ញាក់ផ្អើលតែម្តង ។

ប្រភពដដែលខាងលើបន្តទៀតថា បច្ចុប្បន្នសាកសពជនរងគ្រោះសមត្តកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិទទួលយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន


ចែករំលែក៖