ខេត្តស្វាយរៀង៖ លោក ប្រន សិរីវុធ តំណាងអោយលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិដូង និងភូមិត្រពាំងថ្លុង ឃុំដូង ស្រុករមាសហែក ដោយនាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំមកដល់ប្រជាពលរដ្ឋផងដែរ។
លោក នាង សាមាន ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំដូង បានលើកឡើងអំពីស្ថានភាពជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសព្វថ្ងៃពួកគាត់បានខិតខំបង្កបង្កើនផលស្រូវដំណាំ និងទទួលបាននូវសន្តិសុខ សុវត្ថិភាព គ្រប់ទីកន្លែងតាមរយះការយកចិត្តទុកដាក់ពីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមកលើប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោក ប្រន សិរីវុធ តំណាងអោយលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងបានថ្លែងលើកឡើងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈពង្រឹងចុះជួយខេត្ត ស្រុក ឃុំ ភូមិ តែងបានគិតគូរពីសុខទុក្ខ ការរស់នៅ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេសលោកអនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង ក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជួយសាងសង់អាគារសម្រាប់សម្រាកព្យាបាលដល់ស្ត្រីឆ្លងទន្លេ និងអ្នកជម្ងឺនៅមណ្ឌលសុខភាពឃុំដូង។
លោក ប្រន សិរីវុធ បន្តថា៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ លោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង អ្វីដែលលោកធ្លាប់ធ្វើការសន្យាទិញរថយន្តបំរើការងារសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំដូង លោកនឹងធ្វើពិធីប្រគល់រថយន្តមួយគ្រឿងជូនតាមតម្រូវការនេះផងដែរ។
បងប្អូនប្រជាពលរដ្ឋបានសំដែងនូវការថ្លែងអំណរគុណពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជួយលើគ្រប់វិស័យ និងនាំមកនូវសន្តិភាពដល់ប្រទេសជាតិជាមួយនិងការអភិវឌ្ឍន៍ ដូចជាពេលនេះមណ្ឌលសុខភាពឃុំដូង មិនត្រឹមទទួលបានការជួយសាងសង់អាគារសម្រាកព្យាបាលជម្ងឺប៉ុណ្ណោះទេ ស្អែកនេះពួកគាត់បានទទួលរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងពីប្រធានប្រធានគណៈពង្រឹងឃុំដូងថែមទៀត៕ សុខ ខេមរា