ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់បានស្លាប់ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ដោយសារខ្យល់គរ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង ១៧និង២៧ នាទី ស្ថិតនៅចំណុចតូបលក់គ្រឿងក្លែមលើខ្នងទំនប់ខ្ពបត្របែក ស្ថិតក្នុង ភូមិស្នឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ភារិន ភេទប្រុសអាយុ ២៤ ឆ្នាំ មានស្រុកកំណើត នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជា បុគ្គលិកមីក្រូហិរញ្ញវត្ថុស្ថាបនា ។ មុនពេលកើតហេតុ ជនរងគ្រោះខាងលើបាននាំសង្សាររបស់ខ្លួនឈ្មោះ ម៉ាន ស្រីពៅ អាយុ២០ឆ្នាំរស់នៅភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងបំណងទៅកំសាន្ត និងហូបចំណីនៅចំណុចខាងលើដោយជិះម៉ូតូម្នាក់មួយគ្រឿង។ ក្នុងពេលអង្គុយរង់ចាំមុខម្ហូប ស្រាប់តែឈ្មោះ នៅ ភារិន មានអាការៈចុកចុងដង្ហើម ដែលភ្លាមៗបានហៅរថយន្តពេទ្យដឹកមកសង្គ្រោះ តែអកុសល្យជនរងគ្រោះបានស្លាប់ នៅលើរថយន្តត្រង់ពាក់កណ្តាលផ្លូវ ។

ក្រោយពេលពិនិត្យសាកសព កម្លាំងជំនាញបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារខ្យល់គរមែន ។

បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖