ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាតនៅខណ្ឌចំការមន។
សេចក្ដីប្រកាសព័ត៌មាន នេះ បង្ហាញថា ប្រតិបត្តិដែលធ្វើនៅពីរទីតាំងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ជំនាញដកហូតបានសរុប ប្រមាណជាង៣៨តោន ហើយត្រូវបានយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផល ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ហើយសាធារណៈ អាចទំនាក់ទំនងផ្ដល់ព័ត៌មានបាន តាមលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕ ស រស្មី