ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ ដោយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រមុខដឹកនាំទាំង៩ ប្រទេសទៀត បានអញ្ជើញបន្តចូលរួមប្រជុំនៅសាលសន្នសីទ Philippines International Convention Center (PICC) ។
ជាកិច្ចចាប់ផ្តើមលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានស្វាគមន៍ប្រមុខដឹកនាំអាស៊ានទាំង អស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលថ្ងៃនេះ ដែលផ្តោតលើប្រធានបទ រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក។ លោកប្រធានាធិបតីបានបន្តថា យើងជួបជុំគ្នា ថ្ងៃនេះគឺមានទស្សនៈនិងគោល ដៅរួមឆ្ពោះទៅមុខដើម្បីផលប្រយោជន៌រួម។ ទោះបីកិច្ចការយើងមិន ទាន់បានជោគជ័យទាំងស្រុង ហើយកំពុងមានបញ្ហាប្រឈមមួយចំនួន ក៏ប៉ុន្តែយើងពោរពេញដោយ ក្តីសង្ឃឹមថាអាស៊ាននឹងកាន់តែរីកលូតលាស់ដែលនាំមកនូវផលប្រយោជន៌ទាំងស្ថេរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលហ្វីលលីពីន ដែលទទួលស្វាគមន៍សម្តេច និងប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ អបអរសាទរខួបទី៥០ នៃការបង្កើតសហគមន៍អាស៊ាន ហើយក្នុងរយៈ៥០ឆ្នាំមកនេះ អាស៊ានបានក្លាយទៅជាសហគមន៍សេដ្ឋកិច្ច នយោបាន និងសង្គម វប្បធម៌ មួយដ៏រឹងមាំ មានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសុខសន្តិភាព ស្ថេរភាព ជាពិសេសភាពអត់ធន់ ហើយជម្នះបាននូវវិបត្តិធំៗជាច្រើន។ ភាពជោគជ័យរួមគ្នារបស់អាស៊ាន បាននឹងកំពុងបង្កើតបរិយាកាសអំណោយផលមួយសំរាប់ធានាសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥។ ក្នុងបរិការណ៍នេះ ក្នុងទិសដៅពន្លឿនទិសដៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥ ក៏ដូចជាទិសដៅទំនាក់ទំនងអន្តរជាតិ និងធ្វើអោយប្រសើរឡើងនូវស្នូលរបស់អាស៊ាន សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួនដូចជា៖
១)ការបន្តរក្សាបាននូវសន្តិភាព និងសន្តិសុខតំបន់គឺជារឿងសំខាន់ សំរាប់វិបុលភាព និងកំណើនក្នុងតំបន់អាស៊ានទាំងមូល។ ក្នុងន័យនេះ អាស៊ានត្រូវពង្រឹងតួនាទី និងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីលើកកំពស់ការសិក្សា និងជម្រុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរសន្ទនាអាស៊ាន សំដៅដោះស្រាយបញ្ហាពាក់ព័ន្ធសន្តិសុខ និងសន្តិភាពតំបន់។
២)បន្តធ្វើការបន្ថែមទៀតដើម្បីលើកកម្ពស់ភាពស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដែគូររបស់យើងក្នុងកម្រិតពិសេសតាមរយៈក្របខ័ណ្ឌអាស៊ាន១ និងអាស៊ានបូក៣ ដោយផ្នែកលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
៣)យើងត្រូវបន្តខិតខំធានាកំណើនសដ្ឋកិច្ចអាស៊ានប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍ ដោយបន្តការអនុវត្តន៍អោយបានខ្ចប់ខ្ចួននូវផែនការសមាហរណកម្មអាស៊ានដំណាក់កាលទី៣ (ASEAN Integration Work plan III) ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ាន២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា។
៤)ការតភ្ជាប់គឺជាស្នូល និងជាក្បាលម៉ាស៊ីនដ៏មានថាមពល ក្នុងការសំរេចបានសមាហរណកម្មស៊ីជម្រៅ និងចក្ខុវិស័យរបស់អាស៊ាន។ ដូច្នេះអាស៊ានត្រូវពន្លឿនការអនុវត្តន៍ផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥(Master plan on ASEAN Connectivity 2025) ដើម្បីផ្តល់ប្រយោជន៍ដល់សមាជិកអាស៊ានទាំងអស់តាមរយៈការពង្រឹង និងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងការផ្សាភ្ជាប់រវាងមនុស្សតាមគ្រប់រូបភាពក្នុងទិសដៅបង្កើនសមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន ភាពធននៃសេដ្ឋកិច្ច និងភាពសហគមន៍តែមួយ។
៥)ការជំរុញសម្រេចអោយបនឆាប់រហ័សនៃកិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ដៅកសាងតំបន់ពាណិជ្ជកម្មសេរីដ៏ធំសម្បើមមួយនៅក្នុងតំបន់អាស៊ីបូពា៌។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្ុងជ្រោយនេះ អាចនឹងក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយមានអាស៊ានជាឆ្អឹងខ្នង។
៦)ភាពរឹងមាំនៃអាស៊ានក្នុងពេលកន្លងមក និងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេស គោលការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលការកុងសង់ស៊ីស ។ ហេតុនេះគ្រប់រដ្ឋជាសមាជិកត្រូវតែពង្រឹងការគោរព និងការអនុវត្តន៍វិធានការ និងកតាព្វកិច្ចនានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ដើម្បីធានាសមភាពនៃការសំរេចចិត្តព្រមទាំងការរួមចំណែករបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជម្រុញកសាងសហគមន៍អាស៊ានទៅមុខទៀត។
ក្រោយពីបញ្ចប់កិច្ចប្រជុំមក ប្រមុខដឹកនាំប្រទេសទាំង១០ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ហើយនឹង បន្តការពិភាក្សាចង្អៀតបន្ថែមទៀត។ នៅរសៀលនេះ នឹងមានពិធីចុះហត្ថលេខាដោយប្រមុខដឹកនាំ អាស៊ានទាំង១០ អំពីលទ្ឋផលនៃកិច្ចព្រមព្រៀងមួយចំនួនដែលបានពិភាក្សា និងបានសម្រេចឯកភាព៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ