ខេត្តកំពង់ឆ្នាំង ៖ សពទារិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រុំជាមួយនឹងសារុងពណ៌បៃតង ច្រកក្នុងថង់ខ្មៅ យកទៅបោះចោលនៅលើផ្លូវក្រាលកៅស៊ូ ដែលជាកន្លែងស្ងាត់មួយស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង៧ មានប្រជាពលរដ្ឋដែលនៅក្បែរផ្លូវនេះ បានរាយការណ៍ទៅប៉ុស្តិរដ្ឋបាលប្អេរ មានឃើញសពទារិកាម្នាក់ ដែលគេយកមកបោះចោល ។ ពេលនោះ កម្លាំងសមត្ថកិច្ចបានចុះទៅតីតាំងដែលមានសាកសពទារិកានោះនិងបានធ្វើការត្រួតពិនិត្យសាកសពនេះ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីការពិនិត្យសាកសព បានធ្វើការសន្និដ្ឋានជាបឋម សពទារិការនេះអាចមានអាយុប្រហែលជា៨ទៅ៩ថ្ងៃ ព្រោះនៅលើទងផ្សិតរបស់ទារិការ មានដង្កៀបសម្រាប់កៀបផ្សិត ដែលពេទ្យកៀបផ្សិតក្រោយពេលទារកកើត ។ ទារិការនេះអាចគេយកមកចោលក្រោយពេលដែល ទារិកានេះបានស្លាប់រួចហើយ ។ អ្នកដែលយកសពទារិការនេះមកទម្លាក់ចោល អាចយកមកនៅវេលាយប់ជ្រៅស្ងាត់ ពេលដែលគ្មានមនុស្សធ្វើចរាចរណ៍ ។
ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចនគរបាលបានប្រគល់សាកសពទារិកានេះទៅអោយ អាជ្ញាធរមូលដ្ឋាន និង ព្រះសង្ឃ ដើម្បីយកទៅកប់ និង បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខណ្ឌដល់សពទារិការនេះ ៕ ចន្ថា