ថ្ងៃទី១ ខែឧសភា មានបាតុកម្មក្លាយទៅជាអំពើហិង្សាកើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាងក្នុងទិវាពលកម្មអន្តរជាតិ។ អំពើហិង្សាខាងលើកើតឡើងនៅពេលដែលមិនដល់១សប្តាហ៍ទៀត មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី២។
ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ប៉ុន្តែក្រោយមកក្រុមបាតុករក៏បានគប់ដបសាំង ដុំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខត្រូវ ប្រើដំបង និងគ្រាប់បែកផ្សែងដើម្បីទប់ទល់វិញ។
ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្មមកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើបាតុកម្ម ជាច្រើនលើកប្រឆាំងរដ្ឋាភិបាលបារាំងនាពេលកន្លងមក។
ក្រុមសហជីពកម្មករមួយចំនួនក៏បានធ្វើបាតុកម្មដាច់ដោយឡែកពីគ្នាដែរ ប៉ុន្តែប៉ូលិសបង្ខំឲ្យផ្អាកសកម្មភាព ដើម្បីត្រួតពិនិត្យ ទៅលើសម្ភាររបស់បាតុករថាតើមានយកដបសាំងទៅជាមួយដែរឬទេ?
ចំណែកនៅក្នុងប្រទេសទួរគីវិញ ក្នុងទីក្រុងអុីស្តង់ប៊ុល ប៉ូលិសបានចាប់ខ្លួនមនុស្ស១៦៥នាក់ នៅក្នុងសកម្មភាពនៃទិវាពលកម្មអន្តរជាតិ។ ភាគច្រើនអ្នកដែលត្រូវចាប់ខ្លួនគឺមានបំណងដង្ហែក្បួនបាតុកម្មនៅទីលាន Taksim ដែលជាទីកន្លែងរដ្ឋាភិបាលបានហាមប្រាម។ ទួរគីបានហាមមិនឲ្យធ្វើបាតុកម្មនៅទីនោះទេ លើកលែងតែក្រុមសហជីពធំៗ រៀបចំទិវាពលកម្មអន្តរជាតិនៅទីនោះដោយសន្តិភាពក្រោមការរៀបចំរបស់រដ្ឋាភិបាល។
ក្រៅពីនេះប៉ូលិសទួរគីបានចាប់ខ្លួនមនុស្ស១៨នាក់ ផ្សេងទៀតដែលសង្ស័យឡើងគម្រោងធ្វើបាតុកម្មខុសច្បាប់ និងបង្កឲ្យមានអំពើហិង្សាកើតឡើងនៅថ្ងៃទី១ ខែឧសភា។
នៅក្នុងប្រទេសប៉ូឡូញវិញ សហជីពកម្មករបានរៀបចំដង្ហែក្បួនប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នដែលទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ។
ក្នុងពេលជាមួយគ្នានោះ នៅក្នុងប្រទេសអេស្ប៉ាញវិញ ក្រុមសហជីពកម្មករបានអំពាវនាវឲ្យកម្មករទាំងអស់ធ្វើបាតុកម្មនៅក្នុងទីក្រុងទាំង៧០ទូទាំងប្រទេសដើម្បីទាមទារឲ្យរដ្ឋាភិបាលបង្កើនប្រាក់ខែ និងកែទម្រង់ច្បាប់ការងារ ពីព្រោះកន្លងមកបានរំសាយពលករជាច្រើន ដោយមិនទទួលបានផលប្រយោជនពីសំណងដោយការរំសាយនោះឡើយ។
ក្នុងថ្ងៃជាមួយគ្នានោះដែរក្រសួងការបរទេសអាមេរិកបាន ព្រមានដល់ពលរដ្ឋរបស់ខ្លួនឲ្យកាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ខ្លាចរងការវាយប្រហារភេរវកម្មពីក្រុមភេរករដែលបន្លំខ្លួននៅក្នុងក្រុមបាតុករ ហើយបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សច្រើន។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ក្រុមភែរវកម្ម IS និងអាល់កៃដា អាចបើកការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុបក្នុងពេលដែលស្ថានភាពហិង្សាកើតឡើងដោយការធ្វើបាតុកម្ម៕ ម៉ែវ សាធី