ព័ត៌មានទាន់ហេតុការណ៍៖

ខ្ទឹមក្រហមនិងសន្លឹកខ្ទឹមត្រូវបានដកហូតយកទៅកម្ទេចចោលក្រោយរកឃើញមានសារធាតុគីមី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនដូនរ័ត្ននិងចាន់មូលខេត្តត្បូងឃ្មុំបានរកឃើញស្លឹកខ្ទឹម និងខ្ទឹមក្រហមមានដាក់សារធាតុគីមីនាំចូលពី ប្រទេសវៀតណាមហើយបានដកហូតទៅ ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ។

មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារដូនរ័ត្ននិងចាន់មូលបាននិយាយថា ប្រតិបត្តិការនះ ដឹកនាំដោយលោក ឈិនលីម សាវុធបាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើដែលនាំ ចូលពីប្រទេសវៀតណាមហើយបានបង្រ្កាបទាន់ពេលវេលានូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹង ចរាចរចែកចាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ស្របតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ។

ប្រភពបានបន្តថា កាលពីពេលកន្លងទៅ សាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំរួមទាំងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើតេស្តរកឃើញបន្លែផ្លែឈើមួយចំនួន ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជាដើម ដែលមានផ្ទុកនូវសារធាតុគីមីផង ដែរ ។ ដូចនេះរាល់ការនាំចូលបន្លែផ្លែឈើទាំងនោះ ត្រូវមានលិខិតបញ្ជាក់គុណភាព ទើបអាចនាំចូលបាន បើគ្មានទេមន្រ្តីណែនាំ នឹងដកហូតយកទៅកម្ទេចចោល ។

ប្រភពពីមន្រ្តីដដែលបានបញ្ជាក់ថានៅព្រឹកថ្ងៃទី២ឧសភាឈ្មួញវៀតណាមបានបន្តនាំ ចូលបន្លែផ្លែឈើចូលតាមច្រកទ្វារព្រំដែនទាំង២ដោយមានខ្ទឹមក្រហមចំនួន៥ ថង់ទម្ងន់៥០គីឡូក្រាម និងស្លឹកខ្ទឹមចំនួន៨ ថង់ ស្មើនឹង៤០គីឡូក្រាម ដោយគ្មាន លិខិតបញ្ជាក់គុណភាព ពីប្រទេសវៀត ណាមដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកបរិភោគត្រូវបានមន្ត្រីកាំកុងត្រូល​ ប្រចាំច្រកដកហូតហើយណែនាំដល់ឈ្មួញទាំងនោះមុននាំចូលត្រូវតែមានលិខិតធានាគុណភាពទើបអនុញ្ញាត បើមិនដូច្នេះទេនឹងដកហូតយកទៅកម្ទេច ចោលបន្តទៀត ៕ សហការី


ចែករំលែក៖