ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ និងស្ត្រីម្នាក់មកវាយដណ្តើមកូនពីអតីតឪពុកក្មេក

ចែករំលែក៖

ភ្នំពេញ៖ ជម្លោះដ៏ស្រួចស្រាវមួយបានកើតមានឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៦៤ សង្កត់អូរឫស្សី៣ ខណ្ឌ៧មករា(ជិតផ្សារសិរីភាព) រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានបុរស២នាក់ និងស្ត្រីម្នាក់មកវាយបុរសវ័យចំណាស់ម្នាក់ដើម្បីដណ្តើមវាយកូនប្រុសម្នាក់អាយុជាងមួយខួប ដែលភាគីបុរសបង្កបានលែងលះជាមួយប្រពន្ធរួចទៅហើយនោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ និងស្ត្រីម្នាក់ បានទៅអុកឡុកនៅចំណុចខាងលើដើម្បីដណ្តើមយកកូនប្រុសអាយុជាង១ខួប គ្រាដែលខ្លួនបានលែងលះជាមួយស្ត្រីជាប្រពន្ធច្រើនខែមកហើយនោះ ។ នៅពេលនោះ ស្ត្រីជាប្រពន្ធ និងត្រូវជាម្តាយទារក មិននៅផ្ទះនោះទេ គឺនៅតែឪពុកបង្កើតរបស់ខ្លួន កំពុងមើលថែរក្សាចៅ ក៏ត្រូវភាគីបង្កចូលទៅអុកឡុក វាយដណ្តើមយកកូនរបស់ខ្លួន ហើយត្រូវបានអ្នកជិតខាងជួយរារាំង និងចាប់បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ ដើម្បីដោះស្រាយតាមនីតិវិធី ។

បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា រវាងបុរសខាងលើ នឹងកូនស្រីរបស់គាត់ បានស្រឡាញ់គ្នាដោយលួចលាក់ និងមិនបានរៀបការស្របច្បាប់នោះទេ ដោយគ្រាន់តែទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាសង្កាត់ដើម្បីបានគ្នាជាប្តីប្រពន្ធស្របច្បាប់ប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក បន្ទាប់ពីមានកូនប្រុសអាយុជាង១ខួប ស្រាប់តែភាគីបុរស មានទំនាស់នឹងគ្នា ឈានដល់ការបែកបាក់ ដោយខាងប្រុសទៅនៅខាងឪពុកម្តាយរបស់គេ ឯភាគីស្រី នៅជាមួយនឹងបុរសជាឪពុកខាងលើ និងថែរក្សាកូនប្រុសតូចម្នាក់នេះជារៀងរហូត ។ លុះមកដល់ថ្ងៃកើតហេតុ មិនដឹងរឿងហេតុអី ស្រាប់តែពួកគេមកអុកឡុក វាយដណ្តើមយកកូនប្រុសតូចបែបនេះឡើយ ៕ ស រស្មី


ចែករំលែក៖