ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ចុចកុងតាក់បំផ្ទុះមីស៊ីល​ដែលសាកល្បងកន្លងមក​ ដោយច្រឡំបាញ់ចូលទឹកដីរុស្ស៊ី

ចែករំលែក៖

កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញមីស៊ីលដោយខ្លួនឯង នៅក្នុងការសាកល្បងចុងក្រោយនេះ ដោយឃើញថា មីស៊ីលនោះ​ហោះសម្តៅទៅទឹកដីរុស្ស៊ី ។ ការបាញ់សាកល្បងនោះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ចាត់ទុកថា ជាការសាកល្បងបរាជ័យ ​តែការពិតមិនដូច្នោះឡើយ ។

សារព័ត៌មាន​ Seoul Economy Daily ​បានផ្សាយនៅថ្ងៃទី​២ ខែឧសភា​ថា​កាំជ្រួចមីស៊ីលដែលបានសាកល្បងនាពេលនោះ ជាប្រភេទ​ KN-17 ហោះហើរបាន ៤៨គីឡូម៉ែត្រ​ ក៏ត្រូវបានបំផ្ទុះបំផ្លាញ ​ដោយ ក្រុមអ្នកឯកទេសកូរ៉េខាងជើង ខ្លាចហោះចូលទឹកដីរុស្ស៊ី ។

នៅពេលនោះដែរ កម្លាំងការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត​បានដាក់ក្នុងសភាពអាសន្ន​ ក្នុងពេលដែលកូរ៉េខាងជើងសាកល្បងមីស៊ីល ​។​ទាំងនោះជាសកម្មភាព កម្រកើតឡើង ចំពោះរុស្ស៊ី​​ ដែលមិនស្ថិតនៅក្នុង គោលដៅនៃមីស៊ីលកូរ៉េខាងជើង ។

សារព័ត៌មានខាងលើបានបញ្ជាក់ថា «ប្រសិនបើមីស៊ីលកូរ៉េខាងជើង ហោះទៅកាន់​ដែនសមុទ្រជប៉ុននោះ​ នឹងមិនបរាជ័យឡើយ ដោយសារតែហោះខុសគោលដៅទើប កូរ៉េខាងជើងសម្រេចកម្ទេចចោលតែម្តង» ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត នាយកទីភ្នាក់ងារអាតូមិក របស់អង្គការសហប្រជាជាតិ ទើបបាននិយាយឲ្យដឹងថា សញ្ញាជាច្រើនដែលបង្ហាញថា កូរ៉េខាងជើង មិនព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺជាក្តីកង្វល់ដ៏ធំបំផុតមួយ ចំពោះសហគមន៍អន្តរជាតិ។

សេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិនេះតាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង នៅចំថ្ងៃតែមួយដែលអ្នកវិភាគសហរដ្ឋអាមេរិក និយាយថា រូបភាពដ៏ថ្មីបំផុតរបស់ផ្កាយរណបបានបង្ហាញឲ្យឃើញថា នៅតែមានការបន្តសកម្មភាព ឥតឈប់មួយ នៅទីតាំងសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរ Punggye-riរបស់ព្យុងយ៉ាង ។

អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ លោក Yukiya Amano បានប្រាប់ថា នេះគឺជារឿងមួយដ៏គួរឲ្យបារម្ភបំផុត ហើយដោយមិន អាចចូលដោយផ្ទាល់ទៅកាន់ទីតាំង និងតំបន់ពាក់ព័ន្ធ ។ ទីភ្នាក់ងារមិនអាចបញ្ជាក់ពីស្ថានភាពប្រតិបត្តិការទីតាំង នុយក្លេអ៊ែរព្យុងយ៉ាងបានទេ ប៉ុន្តែរាល់ការបង្ហាញឲ្យឃើញទាំងអស់ បានបញ្ជាក់ថា កូរ៉េខាងជើងកំពុងមានភាពរីកចម្រើនខ្លាំង ផ្នែកកម្មវិធីនុយក្លេអ៊ែរខ្លួន ។

នៅពេលនេះដែរ កូរ៉េខាងជើងបានព្រមានដល់ប្រទេសជិតខាង ក្នុងនោះមាន​កូរ៉េខាងត្បូង និងជប៉ុន​​ ប្រសិនបើមានសង្គ្រាមកើតឡើងនោះ ប្រទេសជប៉ុន នឹងរងការវាយប្រហារមុនគេបង្អស់ ។ កន្លងមក ទីព្យុងយ៉ាងនឹងធ្វើឲ្យជប៉ុន ស្ថិតនៅក្រោមដុំពពកវិទ្យុសកម្ម មុនវាយប្រហារទៅប្រទេសណាទាំងអស់ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរ ពិតជាផ្ទុះឡើងមែន ដើម្បីទុកជាការរំឭកជប៉ុន អំពីវិនាសកម្ម ដ៏មហិមាបង្កឡើង ដោយការទម្លាក់គ្រាប់បែកអាតូមិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ នាឆ្នាំ១៩៤៥ ។

កាសែតកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានសរសេរថា ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង នៅលើឧបទ្វីបកូរ៉េ ប្រទេសជប៉ុន ដែលផ្តល់នូវទីជម្រកដល់មូលដ្ឋាន ដឹកជញ្ជូន មូលដ្ឋានផ្ទុកយន្តហោះ និងមូលដ្ឋានប្រត្តិបត្តិការ យោធារបស់កងកម្លាំង សហរដ្ឋអាមេរិក នឹងបាននៅក្រោមពពកវិទ្យុសកម្ម មុនប្រទេសណាៗដទៃទាំងអស់។

ដោយការចោទប្រកាន់ ថ្នាក់ដឹកនាំជប៉ុន ពីបទធ្វើឲ្យរីករាលដាលនូវពាក្យចចាមអារ៉ាម ស្តីពីវិបត្តិនៅឧបទ្វីបកូរ៉េ កាសែតនោះ បានបន្ថែមទៀតថា ប្រសិនបើជប៉ុន ពិតជាមានក្តីព្រួយបារម្ភ អំពីផលប្រយោជន៍របស់ខ្លួនមែន ជប៉ុនចំាបាច់ត្រូវតែខិតខំ ប្រឹងប្រែងស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិភាពសម្រាប់បញ្ហា លើឧបទ្វីបកូរ៉េ ៕ ម៉ែវ សាធី

 


ចែករំលែក៖