ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡា E-Sport កម្ពុជា ប្រកាសថាខ្លួនបានចូលរួមប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២២នៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា (E-Sport) បានចេញសេចក្តីជូនដំណឹង១ ដោយបានបញ្ជាក់ថា កីឡា E-Sportកម្ពុជា ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិក អន្ដរជាតិ និង ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីឯកភាពគ្នាដាក់កីឡា E-Sport កម្ពុជាបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាប្រចាំទ្វីបអាស៊ី (Asian Games) នៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២២ ជាផ្លូវការកាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៧ ។

នៅក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រោយពីអង្គការកីឡាធំៗទាំង២បានសម្រេចជាផ្លូវការ ដោយដាក់កីឡាកីឡា E-Sport កម្ពុជា ក្នុងបញ្ជីឈ្មោះប្រកួតកីឡាទ្វីបអាស៊ីរួចហើយនោះ អង្គការកីឡាទាំងនេះ មាន គម្រោងបង្ហាញ និងប្រកួតកីឡា E-Sportទ្វីបអាស៊ី នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៨ខាងមុខ។

លោក ជា ច័ន្ធបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា បន្ទាប់ពីទទួលបានដំណឹងដ៏ល្អនេះ ក្នុងនាមសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិ កម្ពុជាពិតជាមានមោទនៈភាព ចំពោះការសម្រេច គោលដៅដាក់ដែល សហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិ និង ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ឯកភាពគ្នាដាក់បញ្ចូលកីឡាE-Sport ក្នុងបញ្ចូលឈ្មោះប្រកួតកីឡាអេឡិចត្រូនិកទៅក្នុងការប្រកួតលក្ខណៈផ្លូវការបែបនេះ ហើយកម្ពុជា បានត្រៀមខ្លួនជាស្រេច នៅក្នុងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានកីឡាអេឡិចត្រូនិក ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០២២ នៅសាធារណរដ្ឋប្រជាមានិតចិន ។

អនុប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា ផែនការសំខាន់ៗ ដែលកម្ពុជាត្រូវអនុវត្ត គឺការរៀបចំក្រុមការងារ ធ្វើទំនាក់ទំនង ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិចិន ដើម្បីស្វែងរកកៅអីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ។ មួយវិញទៀត គឺការរៀបចំការងាររដ្ឋបាលផ្សេងៗ ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់ក្រុមកីឡាអេឡិចត្រូនិកក្នុងស្រុករួមទាំង ការពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមកីឡាអេឡិចត្រូនិកកម្ពុជាឲ្យបានល្អប្រសើរជាងមុន ដើម្បីត្រៀមខ្លួនប្រកួតផងដែរ ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំកីឡាអេឡិចត្រូនិកកម្ពុជា បានរំពឹងថា ក្រោយឆ្នាំ២០២២ កីឡានេះ នឹងមានវត្តមានជាបន្ដបន្ទាប់ នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ៕ សារីម


ចែករំលែក៖