ព័ត៌មានទាន់ហេតុការណ៍៖

យុវនារីមុស្លីម១២០នាក់បញ្ចប់វគ្គកាត់ដេរ និងកាត់ម៉ូដសម្លៀកបំពាក់ ដើម្បីកាត់បន្ថយភាពក្រីក្រនៅសហគមន៍

ចែករំលែក៖

ខេត្តក្រចេះ ៖ បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ អស់រយៈពេលមួយឆ្នាំ កន្លងមក នារីមុស្លីម នៅឃុំពង្រ ស្រុកឆ្ឆូង ខេត្តក្រចេះ ចំនួន១២០នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនកាត់ដេរ សម្លៀកបំពាក់ ចំនួន១០គ្រឿង ពី លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៧ ។

លោក សាន់ ឡាទីន គណៈអ៊ីម៉ាំខេត្តក្រចេះ បានថ្លែងអំណគុណចំពោះ សមាគមនិស្សិតមុស្លិមកម្ពុជា ដែលមាន លោក សុះ មុះសិន ជាប្រធាន បានយកចិត្តទុកដាក់ចំពោះនារីមុស្លីមកម្ពុជា ក្នុងការជួយ បណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ដើម្បីអោយប្អូនៗក្មួយៗ មានចំណេះវិជ្ជា នៅក្នុងខ្លួន សម្រាប់ ប្រកបមុខរបរទទួលទាន ។

លោកបានបន្តថា ៖ កន្លងមកនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ពុំដែលមានវគ្គបណ្តុះបណ្តាល ឬថ្នាក់បណ្តុះ បណ្តាលវិជ្ជាជីវៈអ្វីនោះទេ ទើបតែរយៈពេលបីបួនឆ្នាំនេះ មានសមាគមនិស្សិតមុស្លិមកម្ពុជា មកបើកវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ជូនដល់បងប្អូនក្នុងឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ ក្នុងវគ្គនីមួយៗ អង្គការ muslime helfen និងសមាគមនិស្សិតមុស្លិមកម្ពុជា ជាអ្នកធានារាប់រងទាំងស្រុង ចំពោះការចំណាយ​ផ្សេងៗ ពិសេសទីកន្លែងស្នាក់នៅសិក្ខាកាមនារីដែលមកពីភូមិឆ្ងាយៗជុំវិញស្រុក ។

លោក សុះ មុះសិន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកាត់ដេរនេះ បានបើកដំណើរការតាំងពីឆ្នាំ ២០០៨ មកម្លេះ ដូចជានៅទីរួមខេត្តកំពង់ចាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងនៅស្រុកឆ្លូង ខេត្តក្រចេះ ដោយបានបណ្តុះបណ្តាលសិក្ខាកាមនារី​ គិតមកដល់ពេលនេះមានចំនួន​៩៦០នាក់ និងបានប្រគល់ ម៉ាស៊ីន ដេរ ដល់សិស្សពូកែ ដែលជាប់ចំណាត់ថ្នាក់ ពីលេខ០១ ដល់លេខ ០៥ សរុបចំនួន ១០៧គ្រឿង ។

លោកបានបន្តថា ៖ វគ្គកាត់ដេរនេះដំណើរការទៅបានអាស្រ័យដោយមានការឧបត្ថមថវិកាពីអង្គការ muslimehe lfen នៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ក្នុងមួយឆ្នាំៗប្រមាណជា ១៤,៧៩៥ដុល្លារ អាមេរិក បូករួមនឹងប្រាក់បដិភាគ របស់សមាគមនិស្សិតមុស្លិមកម្ពុជា ៤០០ដុល្លារ​អាមេរិក ។ នៅក្នុងវគ្គ​នីមួយៗអង្គការ muslime helfen និងសមាគមនិស្សិតមុស្លិមកម្ពុជា គឺជាអ្នកធានារ៉ាប់រងទាំងស្រុង​ចំពោះ​ការចំណាយផ្សេងៗ ។

លោក សុះ មុះសិន បានផ្តាំផ្ញើដល់សិក្ខាកាម​ ដែលបាន បញ្ចប់វគ្គទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ដោយខ្លួនឯងបន្ថែមទៀត អំពីម៉ូដសម្លៀកបំពាក់ របៀបវ៉ាស់ កាត់ និងត្រូវធ្វើយ៉ាងណាអោយ តិថិជន ដែលជាអ្នកមកកាត់សម្លៀកបំពាក់បានសម និងបានស្អាតថែមទៀត។ ក្រោយពីទទួលបាន ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងវគ្គបណ្តុះបណ្តាលនេះរួចមក មានសិក្ខាកាមមួយចំនួនបានចាប់ផ្តើម យកចំណេះ​ដឹង និងជំនាញនេះទៅប្រកបរបរចិញ្ចឹម ជីវិត ដូចជាកាត់ដេរតាមផ្ទះ បើកតូបកាត់ដេរ នៅទីរួមខេត្តកំពង់ចាម និងមួយចំនួនទៀតបានជាប់ទៅធ្វើការងារនៅ ប្រទេសម៉ាឡេស៊ី លើជំនាញកាត់ដេរ ហើយមួយចំនួនទៀត កំពុងមានគំរោងបើកហាងផ្ទាល់ខ្លួនផងដែរ ។

លោកបន្តថា៖ ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់សមាគមនិស្សិតមុស្លិមកម្ពុជា ជាមួយអង្គការ muslimehelfen ដែលមានទីស្នាក់ការនៅសា ធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់នូវ គំរោងមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ជនជាតិឡើយ ។ គំរោងសំខាន់ៗដែលសមាគមបានអនុវត្តមានជាអាទិ៍ ៖កសាងអគារអន្តេ វាសិកដ្ឋានសម្រាប់ និស្សិតនារីមុស្លីមចំនួន០២កន្លែង ដែលមាននិស្សិតនារីមុស្លីមស្នាក់នៅប្រមាណ ២០០នាក់ ដើម្បីបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា នៅរាជធានីភ្នំពេញ គំរោងទឹកស្អាតតាមជនបទ ការផ្តល់ប្រាក់កម្ចីឥណទាន ដល់ប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងសហគមន៍ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ការផ្តល់អំណោយ សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ដោយសារមហន្តរាយណ៍ គ្រោះធម្មជាតិដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ នៅ តាមបណ្តាខេត្ត រាជធានី ការផ្តល់អាហារកញ្ចប់ ហ្សាកាត់ និងថវិកាសម្រាប់រៀបចំកម្មវិធី ស្រាយបួសក្នុងខែរ៉ាម៉ាឌន កម្មវិធី Qurban វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ កុំព្យូទ័រ ភាសារអង់គ្លេស ដោយឥតគិតថ្លៃ ៕ សំរិត


ចែករំលែក៖