ភ្នំពេញ៖ អាជ្ញាធរខណ្ឌ មន្ទីររៀបចំដែនដីនរគរូបនីយកម្មនិងសំណង់រាជធានី បានធ្វើការស្នើសុំយ៉ាងទទួចទៅអគ្គនាយកដ្ឋានពន្ធដារ អោយកែសម្រួលពន្ធប្រថាប់ត្រា លើកាកំណត់តម្លៃដីធ្លីលើសទីផ្សារសេរី និងការកាត់បន្ថយពេលវេលាក្នុងការផ្តល់សេវាប្រថាប់ត្រាជូនប្រជាពលរដ្ឋអោយបានលឿន ។
ការស្នើឡើងយ៉ាងទទួចពីអាជ្ញាធរថ្នាក់ខណ្ឌ មន្ទីរខាងលើនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំមួយ ស្ដីពីធ្វើការកែសម្រួលពន្ធប្រថាប់ត្រា ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយ មានការចូលរួមពី អភិបាលខណ្ឌទាំង១២មន្ទីរពាក់ព័ន្ធ និងមន្ដ្រីពន្ធដារជាច្រើននាក់ផងដែរ ។
អាជ្ញាធរថ្នាក់ខណ្ឌ ដូចជាខណ្ឌជ្រោយចង្វា និងខណ្ឌដង្កោបានស្នើយ៉ាងទទូចដល់អគ្គនាយកពន្ឋដារ ក្នុងការបន្ថយពេលវេលាបញ្ចេញឯកសារឲ្យមកប្រជាពលរដ្ឋអោយខ្លីជាងមុន ការស្នើសុំពិនិត្យឡើងវិញលើការវាយតម្លៃដី ធ្លីខ្ពស់ជាងតម្លៃទីផ្សារជាដើម។ អាជ្ញាធរថា កន្លងមកនេះទម្រាំចេញឯកសារមួយៗប្រើពេលពី២ខែទៅ៣ខែ ដែលធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។
លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានលើឡើងថា ការផ្តល់សេវាប្រថាប់ត្រាលើដីធ្លី ដែលកំណត់រយៈពេល ៤ទៅ៨ថ្ងៃនោះ គឺ អគ្គនាយកពន្ឋដារ ធ្វើមិនបានទេ ដោយប្រើប្រាស់ពេលវេលាយ៉ាងតិចបំផុតរយៈពេល២០ថ្ងៃ ឬអាច ២ទៅ៣ខែទើបបាន ។ នេះជាភាពយឺតយ៉ាវមួយដែលបង្កអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ជាងនេះទៅទៀតចំពោះកាេកំណត់តម្លៃដីធ្លី ជូនបប្រជាពលរដ្ឋនៅតំបន់ខ្លះ អគ្គនាយកពន្ឋដារ បានដាក់តម្លៃថ្លៃហួសពីតម្លៃទីផ្សារ ។ជាក់ស្តែងនៅសង្កាត់កោះដាច់ អគ្គនាយកពន្ឋដារ បានដាក់តម្លៃដីមួយម៉ែត្រការ៉េរហូតដល់២០០ដុល្លារ លោកថា មិនដឹងអគ្គនាយកពន្ឋដារ យកចំណុចណាមកវាយតំលៃទេបានជាតម្លៃដីនៅសង្កាត់កោះដាច់មានតម្លៃថ្លៃបែបនេះ ស្របពេលដែលតម្លៃដីនៅតំបន់នេះខ្ពស់បំផុតត្រឹម៧០ទៅ៨០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះ ។ បញ្ហានេះលោកស្នើអោយអគ្គនាយកពន្ឋដារ ធ្វើការកែសម្រួលឡើងវិញ។
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបញ្ចេញឯកសារប្រថាប់ត្រា លោកទទួលស្គាល់ថា ពិតជាមានភាពយឺតយ៉ាវ ដោយរឿងខ្លះ ខ្វះ ឯកសារ និងម្ចាស់ឯកសារមិនមកយក ដោយសារបំណុលច្រើន។ សម្រាប់ដីនៅសង្កាត់កោះដាច់មានតម្លៃរហូតដល់មួយម៉ែត្រការ៉េរហូត ដល់២០០ដុល្លារ លោកក៏ទទួលស្គាល់ថា វាជារឿងពិតដែរ ដែលនេះយើងដាក់តម្លៃទៅតាមបញ្ជីដែលបានកំណត់រួច យើងមិនអាចកែប្រែបស្រេចតែចិត្តបានទេ ។ ប៉ុន្តែការងារនេះអាចបញ្ចុះតម្លៃ មកក្រោមនេះបានមានតែអនុគណៈកម្មាធិការវាយ តម្លៃរាជធានីភ្នំពេញឬអាជ្ញាធររាជធានីធ្វើការស្នើទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើកាេកែសម្រួលឡើងវិញ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើក ឡើងថា ការធ្វើល្អ ធ្វើបានមិនបាន មានគុណសម្បត្តិឬមិនមានគុណសម្បត្តិមិនមែនយើងខ្លួនឯងជាអ្នកវាយតម្លៃនោះទេ គឺប្រជាណលរដ្ឋលោកជាអ្នកវាយតម្លៃ ដូច្នេះទេ យើងជាមន្ត្រីរបស់រដ្ឋាភិបាលត្រូវតែបំរើសេវា អោយបានល្អជូនប្រជា ពលរដ្ឋ។
លោកបញ្ជាក់ថា៖ តាមការស្ទាបស្ទង់ចុះតាមមូលដ្ឋាន ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមជាច្រើន ហើយបញ្ហាទី១ ដែលប្រឈមខ្លាំងនោះគឺ ការផ្តល់សេវាប្រថាប់ត្រានេះហើយ ដូច្នេះទេការចុះមូលដ្ឋានដាច់ខាតត្រូវតែមានមន្រ្តីពន្ធនាចូលរូម ហើយបើមានបញ្ហាអ្វីមួយយើងដោះស្រាយបានភ្លាមៗតែម្តង។
សូមបញ្ជាក់ថា បញ្ហាពន្ធនេះ ជារឿងដែលស្មុគស្មាញមួយរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ត្រូវការលក់អចលនទ្រព្យ ដោយហេតុថា ពួកគាត់កង្វះការយល់ដឹងអំពីបញ្ហានេះ៕ សំរិត