ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង១០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច មុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវ២៨៩ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ១-ឈ្មោះ ជួប មករា ហៅ មករា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ លាង ពៅ ហៅ ពៅ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលលេខ ៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ), ម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរី2016 ពណ៌ខ្មៅ អត់ស្លាកលេខ ដែល មានលេខតួ និងលេខម៉ាសុីន : 9447797 , ទូរស័ព្ទចំនួន២គ្រឿងម៉ាក Nokia សេរីX2 ពណ៌សមួយ និងមួយគ្រឿងទៀតគ្មានម៉ាក ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥ : ១០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវ២៨៩ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឃើញជនសង្ស័យចំនួន០២នាក់កំពុងជិះម៉ូតូដោយគ្មានពាក់ស្លាកលេខ ភ្លាមនោះ កំលាំងយើងក៏ឃាត់ត្រួតពិនិត្យឆែកឃើញ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) កំលាំងយើងក៏ឃាត់ខ្លួនជាក់ស្ដែង រួមទាំងវត្ថុតាង បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស តារា