ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យសាលាក្រៅ ស្រុកសាលាក្រៅ មានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដែលរៀបចំឡើងដោយសាខាកាំកុងត្រូលខេត្តប៉ៃលិន ក្នុងគោលបំណងចង់អោយក្មួយៗ សិស្សានុសិស្សផ្សព្វផ្សាយបន្ត ទៅកាន់មិត្តភក្តិ បងប្អូន ព្រមទាំងអ្នកដទៃ។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាពលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ,មន្ត្រីពាណិជ្ជកម្មខេត្តប៉ៃលិន អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សប្រមាណជាជាង ៦០០នាក់ ។
លោក គឹម លេន នាយកសាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ បានថ្លែងអគុណយ៉ាងខ្លាំង ចំពោះមន្ត្រីជំនាញកាំកុងត្រូលចុះមិនអនុវត្ត និងបានធ្វើបទបង្ហាញពីសុខ សុវត្ថិភាព មុខម្ហូបអាហារ មុខទំនិញណាដែលពួកយើងមិនបានដឹង តែពេលនេះបានទទួលនូវចំណេះដឹង និងទំនិញគ្មានគុណភាពជាដើម។
លោកស្រី ជា លាភ អភិបាលរងខេត្ត បានអំពាវនាដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងជៀសអោយឆ្ងាយពីគ្រឿងញៀន ឆ្លើយទេចំពោះគ្រឿងញៀន និងការចំណាកស្រុកទាំងប្រថុយប្រថានទៅកាន់ប្រទេសខាង ប្រទេសថៃ ដែលបង្កអោយយើងជួបគ្រោះថ្នាក់ដោយយថាហេតុ។
ក្នុងពេលនោះដែរលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា៖ មន្ត្រីជំនាញយើងបានចុះមកអប់រំ ផ្តល់ចំណេះដឹង និងធ្វើបទបង្ហាញនានា ដើម្បីពន្យល់ដល់ប្អូនៗសិស្សានុ សិស្សនៅក្នុងវិទ្យាល័យហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន ស្វែងយល់ពីសុខ សុវត្ថិភាពពីមុខ ម្ហូបអាហារ មុនទំនិញ បំណងចង់អោយក្មួយៗផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ បងប្អូន និងអ្នកដទៃ។
លោក បានឲ្យដឹងទៀតថា កន្លងមកមន្ត្រីជំនាញយើង បានធ្វើការត្រួតពិនិត្យចំពោះការដាក់តាំងលក់នំចំណី នៅក្នុងផ្សារនានា ក្នុងខេត្តប៉ៃលិន និងបានដកហូតទំនិញមួយចំនួន និងបានអោយអាជីវករធ្វើកិច្ចសន្យា និងផ្តិតមេដាយបញ្ឈប់យកទំនិញគ្មានគុណភាពមិនដាក់លក់អោយប្រជាពលរដ្ឋ ជាពិសេសប្អូនៗសិស្សានុសិ្សបន្តទៀត បើសិនជាឃើញមានលើកក្រោយៗ មន្ត្រីជំនាញនឹងចាត់ការតាមនិតិធីច្បាប់ជាធរមាន។
ក្នុងពេលនោះប្អូនស្រីសុ នីតា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ បានអោយដឹងថា៖ ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានទទួលនូវចំណេះដឹងបន្ថែមពីលោកពូៗមន្ត្រីកាំកុងត្រូល បានចុះមកដល់សាលាខ្ញុំ តែនេះជាលើកទី១ ហើយដែលបានទទួលនូវចំណេះដឹងខាងលើនេះ ហើយខ្ញុំនិងបន្តផ្សព្វផ្សាយចំណេះដឹងនេះទៅកាន់អ្នកនៅក្បែរខ្ញុំ បងប្អូនខ្ញុំ ជាពិសេសម្តាយ ឪពុករបស់ខ្ញុំនៅឯគេហដ្ឋាន។
ក្នុងវគ្គផ្សព្វផ្សាយខាងលើនេះ ក៏មានការចែកជូនទឹកសុទ្ធ នំកញ្ចប់ ព្រមទាំងមានសំនួរ ដើម្បីឲ្យមន្ត្រីជំនាញកាំកុងត្រូលឆ្លើយ ឲ្យប្អូនៗសិស្សានុសិស្ស បានដឹង ហើយក្នុងនោះក៍មានរង្វាន់ ឲ្យប្អូនៗសិស្សានុសិស្ស ដោយទទួលបានប៊ិច ១ដើម សៀវភៅ ១ក្បាល់ ។
ជាមួយគ្នានេះដែរមន្ត្រីសាខាកាំកុងត្រូល បានផ្តល់សៀវភៅ ចំនួន ១០០ក្បាល ប៊ិច ចំនួន ១០០ដើម ទុកសំរាប់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ សំរាប់ប្រើប្រាស់ក្នុងសាលាផងដែរ ។
ទីបញ្ចប់យុវជន និងយុវនារីជាសិស្សានុសិស្សជាច្រើននាក់បានអរគុណដល់លោកស្រី អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលច្រកទ្វារព្រំ ប៉ៃលិន និងលោក អនុប្រធានកាំកុងត្រូល រួមមន្ត្រីជំនាញ ដែលបានចុះមកផ្សព្វផ្សាយ ឲ្យមានការយល់ដឹង ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុ ន សែន សាលាក្រៅផងដែរ៕ ស សារ៉េត