ភ្នំពេញ ៖ មន្រ្តីជំនាញបសុពេទ្យរាជធានីភ្នំពេញបានឃាត់ និងពិន័យម្ចាស់រថយន្ត ដឹកជ្រូកចំនួន១៥លានរៀលគឺដោយសារ រកឃើញថា រថយន្តដឹកជ្រូកនេះបានលួចដឹកលើសចំនួនកំណត់ពោលគឺអនុញ្ញាត ឲ្យដឹកតែ១៥០ក្បាលតែគេដឹកឡើងដល់ ២០៥ក្បាលឯណោះ ទើបខាងជំនាញបានស្ទាក់ចាប់បាននៅចំណុចសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៧នេះ ហើយធ្វើការពិន័យ តាមច្បាប់តែម្តង ។
លោក ឃាង ម៉ារិទ្ធ អនុប្រធាននាយកដ្ឋានបសុពេទ្យរាជធានីភ្នំពេញបាននិយាយ ថា លោកនឹងចាត់វិធានការតាមនីតិវិធី ពោល គឺកម្ទេចចោល បើសិនជារកឃើញថាជ្រូកនេះមានផ្ទុកវីរុស តែជ្រូកទាំងនេះ មិនមានជំងឺទេ គ្រាន់តែខុសត្រង់ដឹកលើស ចំនួនកំណត់ប៉ុណ្ណោះទើបជំនាញចាប់ពិន័យតាមច្បាប់ថ្មី ។
ចំណែកប្រធានសមាគមអ្នកចិញ្ចឹមជ្រូក សុំមិនបញ្ចេញឈ្មោះ បានសម្តែងការមិន សប្បាយចិត្ត ដោយសារតែមន្ត្រីច្រកទ្វារព្រំដែនបណ្ដែតបណ្តោយឲ្យមានការដឹកលើស យ៉ាងនេះ ។ ការនាំចូលជ្រូកលើសប្រមាណចូលកម្ពុជានេះបង្កឲ្យអ្នកចិញ្ចឹមជ្រូកក្នុង ស្រុករងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងណាស់ រហូតអ្នកខ្លះលក់ទ្រព្យសម្បត្តិដើម្បីយកទៅសងបំណុលធនាគារ ក៏មានដែរ ។
លោកសំណូមពរប្រមុខរាជរដ្ឋាភិបាល មេត្តាយកចិត្តទុកដាក់និងយល់ពីទុក្ខលំបាកពលរដ្ឋផង កុំបណ្ដោយឲ្យឈ្មួញមាន អំណាចមានលុយមួយចំនួននោះធ្វើអ្វី គិតតែផលប្រយោជន៍ខ្លួន បំផ្លាញសេដ្ឋកិច្ចពលរដ្ឋក្នុងស្រុកឯងយ៉ាងដូច្នេះ ៕ សហការី