ព័ត៌មានទាន់ហេតុការណ៍៖

ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ ម្នាក់រងរបួស និង៣នាក់បាត់ខ្លួននៅក្នុងហេតុការណ៍វាយប្រហារដោយពួកឧទ្ទាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ ម្នាក់រងរបួស និង៣នាក់ទៀតកំពុងបាត់ខ្លួនក្រោយការវាយប្រហារដោយពួកឧទ្ទាមមួយនៅអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ ការ វាយប្រហារនេះក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាលនិងបាត់ខ្លួន ម្នាក់ផងដែរ ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាខេត្ត អគារ រដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងមានការសោកស្តាយមួយដែលខ្ញុំ ព្រះករុណាខ្ញុំ សូមយកឱកាសនេះដើម្បី ចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើងដែលកំពុងស្ថិតនៅអាហ្រិ្វកកណ្តាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុកត្រូវក្រុម ឧទ្ទាមវាយប្រហារបណ្តាលឲ្យស្លាប់ម្នាក់ និងកំពុងបាត់ខ្លួន៣នាក់។ ឯខាងម៉ារ៉ុក របួសធ្ងន់ស្រាល៥នាក់ហើយក៏បាត់ខ្លួន ម្នាក់ដែរ» ។

សម្តេចតេជោបានបន្តថា ទាហានមួក ខៀវកម្ពុជាដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនោះឈ្មោះ អ៊ឹម សំ មានឋានន្តរ ស័ក្តិជាពលបាលឯក មានស្រុកកំណើតនៅខេត្តសៀមរាបជាអ្នកបើករថយន្ត។ ពេលនេះសពទាហានកម្ពុជារួមទាំងទាហាន រងគ្រោះដទៃទៀតត្រូវបានដឹកតាមឧទ្ធម្ភាគ ចក្រទៅកាន់កន្លែងមួយផ្សេងទៀតហើយកងកម្លាំងកម្ពុជា និងម៉ារ៉ុកក៏បានស្វែងរកទាហានដែលបាត់ខ្លួនផងដែរ ។

ជាមួយគ្នានេះ ទាហានមួកខៀវកម្ពុជា៤រូបទៀត ៖ លោកពលបាលឯក ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង), លោកអនុសេនីយ៍ត្រី ស៊ាង នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (បាត់ខ្លួន), លោកពលបាលឯក មុំ តុលា ជំនួយការបើកបរអិចស្តាវ៉ាទ័រ(បាត់ខ្លួន) និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង បុគ្គលិកពេទ្យ (បាត់ខ្លួន)  ផងដែរ ។

ជាមួយនឹងការថ្លែងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារទាហានដែលទទួលមរណ ភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឱ្យអង្គការសហប្រជាជាតិដែលនាំទាហាន កម្ពុជាទៅកាន់តំបន់នោះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវចំពោះ ទាហានកម្ពុជាដែលបាត់បង់ជីវិត និង ទាហានដែលបាត់ខ្លួន។ បើក្នុងករណីដែល ទាហានបាត់ខ្លួនទាំងនោះត្រូវបានពួកឧទ្ទាម ចាប់ដើម្បីធ្វើជាថ្នូរនោះអង្គការសហប្រជាជាតិក៏ត្រូវយកចិត្តទុកដាក់ការពារដល់ អាយុជីវិតរបស់ពួកគេផងដែរ ។

សម្តេចតេជោបានបន្ថែមថា «ប្រសិនបើបងប្អូនគ្រាន់តែរត់គេចពីការវាយ ប្រហារដោយកម្លាំងឧទ្ទាមនៅអាហ្វ្រិក កណ្តាលបងប្អូននឹងត្រឡប់មករកទីតាំង វិញនៅពេលភ្លឺ ប៉ុន្តែឥឡូវប្រហែលជានៅឯនោះមិនទាន់ភ្លឺនៅឡើយទេ ប៉ុន្តែប្រសិនបើគេចាប់ដើម្បីធ្វើជាថ្នូរជាមួយនឹងអ្វីមួយ ស្នើឱ្យអង្គការសហប្រជាជាតិដែលជាអ្នកទទួលខុសត្រូវយកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជាក៏ដូចជាពល រដ្ឋរបស់ម៉ារ៉ុកដែលកំពុងបាត់ខ្លួននេះ»។

សម្តេចបានបន្ថែមទៀតថា «គោលដៅនៃការវាយប្រហាររបស់ក្រុមឧទ្ទាមគឺសំដៅ រំដោះឈ្លើយសឹកដែលចាប់បានហើយនៅកៀកនឹងទីតាំងដែលកងទ័ពរបស់យើងស្នាក់នៅ អ៊ីចឹងប្រហែលជាគេអាចនឹងធ្វើការទាមទារដោះដូរជាថ្នូររវាងឈ្លើយសឹក របស់គេជាមួយនឹងទាហានរបស់យើង។ ដូច្នេះខ្ញុំសូមអំពាវនាវឱ្យអង្គការសហប្រជាជាតិយកការទទួលខុសត្រូវមួយខ្ពស់ដើម្បីធានាអាយុជីវិតទាហានរបស់កម្ពុជា»។

សូមបញ្ជាក់ថា កម្ពុជាក្រោមស្លាកអង្គការសហប្រជាជាតិបានបញ្ជូនទាហានមួកខៀវជាបន្តបន្ទាប់ដើម្បីបំពេញបេសកកម្មសង្គ្រោះ និងដោះមីននៅប្រទេសមួយ ចំនួន។ របាយការណ៍បានបង្ហាញថា ក្នុង រយៈពេល១០ឆ្នាំនេះកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិបានចំនួន៣.៥៥៧ នាក់ ក្នុងនោះមានទៅបំពេញបេសកម្ម បោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានាដូចជា ប្រទេស ស៊ូដង់, សូ៊ដង់ខាងត្បូង ឆាដ សាធារណ រដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាលជាដើម ។

បន្ទាប់ពីទទួលដំណឹងពីការពលីជីវិត របស់កងទ័ពមួកខៀវរបស់ខ្លួនម្នាក់ រងរបួសម្នាក់ និង៣នាក់ផ្សេងទៀតបាត់ខ្លួនក្នុងការវាយប្រហារដោយពួកឧទ្ទាមនៅប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ កម្ពុជា កំពុងតាមដានស្ថានការណ៍នេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ។

លោក ឈុំ សុជាតិ បានប្រាប់ថា កង ទ័ពមួកខៀវកម្ពុជាក្រោមស្លាកអង្គការសហ ប្រជាជាតិចំនួន១២នាក់បានស្ថិតក្នុងហេតុការណ៍វាយប្រហាររបស់ពួកឧទ្ទាមនៅ ប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ ក្នុងការវាយប្រហារនោះកង ទ័ពកម្ពុជាបានពលីជីវិតម្នាក់ម្នាក់រងរបួស និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដែល បច្ចុប្បន្នកំពុងតាមដានស្ថានការណ៍ជុំវិញការបាត់ខ្លួនទាហានទាំងនេះ ។

បើតាមលោក ឈុំ សុជាតិ បានបញ្ជាក់ ថា កម្ពុជាមិនទាន់មានគោលការណ៍បញ្ជូនកម្លាំងណាមួយដើម្បីស្រាវជ្រាវរកអ្នកបាត់ខ្លួននៅប្រទេសម៉ារ៉ុកនោះទេ។ ដោយឡែក ចំពោះសាកសពទាហានដែលស្លាប់ក្នុងការ វាយប្រហារនោះក៏មិនទាន់ដឹងថានឹងត្រូវ បញ្ជូនមកពេលណាដែរ ៕ ហេង សូរិយា

 

 

 


ចែករំលែក៖