ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ដើម្បីជំនុំជម្រះបទល្មើសជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអុីនទម្ងន់ជាង១គីឡូក្រាម ។
សវនាការនេះ ដឹកនាំដោយលោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ ។
លោកចៅក្រម ថ្លែងថា ជនជាប់ចោទឈ្មោះ AHMAD JOHARI CHUNG ( អាម៉ាត់ ចូហារី ជុង ) អាយុ២៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ប្រភេទ ហេរ៉ូអ៊ីន ចំនួន ១០៦៨.៦១ ក្រាម (ជាង១គីឡូក្រាម) ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នាពេលសវនាការ ជនជាប់ចោទសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម សម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះវិញ ៕ ចេស្តា