ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួនពីបទលួច

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក​លើកស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន នៅវេលារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដើម្បី​កសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះនិងបក្ខពួកធ្វើសកម្ម​ភាពលួចម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១ និង៣០នាទីទាបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោមផ្ទះរបស់ឈ្មោះ ស៊ុន សួង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួន​នោះ ទី១-ឈ្មោះ សឿន សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ជឿន ភារ: ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជន​សង្ស័យទាំង២នាក់នេះមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ ជនរង​គ្រោះឈ្មោះ ច្រឹក ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌​ស្លែ គ្មានស្លាកលេខ ។

ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបាន​យកម៉ូតូរបស់ខ្លួនទៅទុកនៅខាងក្រោមផ្ទះម្តាយ ដោយពុំមានអ្នកដេកចាំនោះទេ លុះព្រឹក​ឡើងថ្ងៃទី២ ខែឆ្នាំដដែល បានម៉ូតូមិនឃើញ ។ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅ​សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចមក សមត្ថកិច្ចនគរ​បាលយុត្តិធម៌ស្រុក​សហការជាមួយនគរបាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវ ឈានដល់បង្រ្កាបចាប់ខ្លួន​ជនសង្ស័យបាន​២នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់ និងបក្ខពួកម្នាក់​ទៀតពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះប្រាកដមែន ។ ជនសង្ស័យបានបញ្ជាក់ថា ម៉ូតូដែលលួចបានៗយកទៅលក់ឲ្យជនមិនស្គាល់ឈ្មោះ នៅឯអ្នកលឿងត្រើយខាងកើត (ភូមិ​សាស្ត្រខេត្តព្រៃវែង ) ៕ ស្អាងជ័យ


ចែករំលែក៖