ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជាន់ហ្គែរថយន្តហួសល្បឿនបើកបុកហាងលក់វែនតាធ្លាយចូលក្នុងហាងផ្អើលអ្នកនៅម្ដុំផ្សារដីហុយទាំងកណ្ដាលយប់ បណ្ដាលឲ្យរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហាងលក់វែនតាមួយកន្លែងនៅជាប់ស្តុបផ្សារដីហុយ ត្រូវបានរថយន្តលិចស៊ីមួយគ្រឿង ដោយម្ចាស់ស្រវឹងស្រា ទើបតែចេញពីក្លឹបបានបើកបំបុកទាំងកម្រោលបណ្ដាលអោយម៉ូតូឌុប ដែលចតនៅមុខហាងលក់វែនតា លោតចេញពីម៉ូតូផុត គ្រោះថ្នាក់ម្នាក់ និងម្នាក់ទៀត ត្រូវបានរថយន្តបុកប៉ើងខ្ទាតជាមួយនឹងម៉ូតូពីរគ្រឿងទៀត បណ្ដាលអោយរងរបួសបែកក្បាល ចំណែកឯម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខទាំងយប់ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ កែងនឹងផ្លូវហាយណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2V 8987 បើកបរដោយបុរសម្នាក់ ជាមួយនិងអ្នករួមដំណើរបួននាក់ផ្សេងទៀត ដែលជិះក្នុងរថយន្ត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បោលបំបុកម៉ូតូ២គ្រឿង ប៉ើងទៅហាងវែនតា ហើយរថយន្តមិនអស់ល្បឿនបុកធ្លាយទ្វារចូលហាងវែនតាខូចខាតប្រមាណ៦០ភាគរយ ។

រថយន្តបង្ក និងម៉ូតូពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខចុះមកវាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សីហា


ចែករំលែក៖