ខេត្តត្បូងឃ្មុំ៖ ក្មេងប្រុសម្នាក់ បានបាត់បង់ជីវិតយ៉ាងសង្វេគ ពេលដែលជនរងគ្រោះដេញគោពីវាលមកផ្ទះវិញ ហើយបានរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកស្រះទឹក របស់ឈ្មោះមុំ ផន ភេទស្រី ក្នុងភូមិជីពាង ឃុំមង់រៀវ ស្រុក_ខេត្តត្បូងឃ្មុំ។
លោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មុំបានឲ្យដឹងថា កុមាររងគ្រោះ ឈ្មោះ ផេង រតនា ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅ ភូមិជីពាង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានទៅដេញគោពីវាលស្រែ ត្រឡប់មកផ្ទះវិញ ក៏រអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹក របស់ឈ្មោះមុំ ផន ភេទស្រី នៅ ភូមិឃុំជាមួយ ដែលមានជម្រៅ ៤ម៉ែត្របណ្តាលឲ្យលង់ស្លាប់នៅនឹងកន្លែងកើតហេតុ។
លោកបន្តថា ករណីនេះក្រោយពេលកើតហេតុ កំលាំងជំនាញបច្ចេកទេសនគរបាលស្រុក សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះពិនិត្យ សាកសពឃើញថា កុមាររូបនេះពិតជា លង់ទឹកស្លាប់ ដោយការធ្វេសប្រហែសខ្លូនឯងពិតប្រាកដមែន ។
ក្រោយពីការពិនិត្យសាកសពរួចរាល់ កំលាំងជំនាញ បានប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណះ