ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវកែង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រ បានបើកទៅបុកជាមួយរថយន្តស្ទារិចនៅត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយរថយន្តម៉ាកស្ទារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF. 9280 បានបើកមកពីផ្លូវជាតិលេខ២ មកផ្លូវ៦០ម៉ែត្រ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN.3736 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បួងក្នុងល្បឿនលឿន ដោយមិនបន្ថយល្បឿនរួមទាំងផ្លូវកោងផងនោះអ្នកបើកបរបានបើកចូលចំណែកផ្លូវរថយន្តស្ទារិច និងបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតទាំង២គ្រឿង សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់និងអ្នកដ៏ទៃនោះទេ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានឈប់ និងចុះមកសម្របសម្រួលគ្នាដោយមានវត្តមានសមត្ថកិច្ចមូលដ្ឋានចូលរួមផងដែរ ដោយវែកញ៉ែករកខុសត្រូវអស់រយះពេលជិត២ម៉ោង ទើបដឹងថាខាងរថយន្តហាយឡែនឌ័រខុស ព្រោះរថយន្តហាយឡែនឌ័របានបើកចូលផ្លូវខាងគេហើយនិងបុកគេទៀត ។

បន្ទាប់មកម្ចាស់រថយន្តហាយឡែនឌ័របានព្រមសងថ្លៃខូចខាតទៅលើម្ចាស់រថយន្តស្ទារិចចំនួន250$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយមិនរំខាងដល់សមត្ថកិច្ច ៕ ភារ៉ា ដង្កោ


ចែករំលែក៖