ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំងប្រកាសព័ត៌មាន៖ បារំាងនិងកម្ពុជាអបអរគុណភាពនិងភាពសម្បូរបែបនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

កាលពីថ្ងៃទី១១ ឧសភា កន្លងទៅ ស្ថានទូតបារាំង វិទ្យាស្ថានបារាំងនៅកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានរៀបចំសន្និសីទមួយ ដោយមានការចូលរួមពីតួអង្គសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំងនិងកម្ពុជា។ ជោគជ័យជាច្រើននៃភាពជាដៃគូរវាងប្រទេសទាំងពីរត្រូវបានលើកយកមកបង្ហាញ ជាពិសេសនៅក្នុងវិស័យអប់រំ សុខាភិបាល ការអភិវឌ្ឍប្រកបដោយចីរភាព នគរូបនីយកម្ម និងការលើកស្ទួយតម្លៃបេតិកភណ្ឌកម្ពុជា។ លោកហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរម្លឹកថា បច្ចុប្បន្នប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ទាំងលើទំហំនៃការផ្តល់ជំនួយ និងវិសាលភាពនៃវិស័យអន្តរាគមន៍របស់ប្រទេសបារាំង។

ចាប់តាំងពីឆ្នាំ២០១៤មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទានប្រមាណ១០០លានអឺរ៉ូ ដល់កម្ពុជាជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប្រទេសបារាំងក្លាយជាអ្នកផ្តល់ជំនួយធំទី៤ដល់កម្ពុជា បើតាមតួលេខរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OCDE)។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផ្តោតលើវិស័យជាច្រើនដូចជា វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល សុខាភិបាល បេតិកភណ្ឌ សកម្មភាពសង្គម ការបង្រៀនភាសាបារាំង និងការពង្រឹងសមត្ថភាពកងទ័ពកម្ពុជាដែលត្រូវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ប្រទេសបារំាងទំនងជាដៃគូតែមួយគត់របស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការទូលំទូលាយបែបនេះ។

ស្ថាប័នបារាំងជាច្រើនក៏បានរួមចំណែកនៅក្នុងជោគជ័យនៃកិច្ចសហប្រតិបត្តិការនេះផងដែរ ក្នុងនោះមានទីភ្នាក់ងារ Campus France (ដែលធ្វើអន្តរាគមន៍លើកិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យ) ទីភ្នាក់ងារ Expertise France (ផ្នែកជំនាញបច្ចេកទេស) អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវបារាំងល្បីៗមួយចំនួនទៀត មានជាអាទិ៍វិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានស្រាវជ្រាវស្តីពីការអភិវឌ្ឍ។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក៏មានការចងសម្ព័ន្ធមេត្រីភាពរវាងអាជ្ញាធរថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរផងដែរ ដូចជាកិច្ចសហការរវាងទីក្រុងប៉ារីស៍និងរាជធានីភ្នំពេញ តំបន់អុកស៊ីតានីនិងខេត្តបាត់ដំបង ខេត្តអូដឺសែននិងខេត្តសៀមរាប។

ទំនាក់ទំនងបារាំង-កម្ពុជាមានការវិវឌ្ឍយ៉ាងខ្លាំង ដែលបច្ចុប្បន្នសង្កត់ធ្ងន់ទៅលើភាពជាដៃគូដូចមានចែងនៅក្នុងឯកសារតម្រង់ទិសដែលត្រូវបានចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវ Annick Girardin រដ្ឋលេខាធិការបារាំងទទួលបន្ទុកកិច្ចការអភិវឌ្ឍ និងហ្រ្វង់កូហ្វូនី។ កាលពីពេលថ្មីៗនេះ កិច្ចព្រមព្រៀងពីរត្រូវបានចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា : ទី១គឺកិច្ចព្រមព្រៀងស្តីពីការផ្តល់សហហិរញ្ញប្បទានសម្រាប់អាហារូបករណ៍ថ្នាក់បណ្ឌិតលើមុខវិជ្ជាវិទ្យាសាស្រ្ត រីឯកិច្ចព្រមព្រៀងទី២ផ្តោតលើការលើកស្ទួយការបង្រៀនភាសាបារំាងនៅកម្ពុជា។

ក្រៅពីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងកំពុងរៀបចំផ្តល់ជំនួយដល់គម្រោងថ្មីពីរបន្ថែមទៀតពាក់ព័ន្ធនឹងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងឧស្សាហកម្មវាយនភណ្ឌ។ កិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែកដ៏សំខាន់របស់ប្រទេសបារាំង ក្នុងការបណ្តុះបណ្តាលយុវជន និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា៕


ចែករំលែក៖