ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យរីឯកូនៗរបួសធ្ងន់ដោយសាររថយន្តបុកកំពុងធ្វើដំណើរស្របទិសគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើងរវាងរថយន្តបើកបុកម៉ូតូ ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ ៥៥ បណ្ដាលឲ្យស្រ្តីជាម្ដាយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅពេលបញ្ពូនទៅមន្ទីរពេទ្យបអង្អែកខេត្ត ចំណែកកូនៗចំនួន ២នាក់បានរួមដំណើរជាមួយរងរបួសធ្ងន់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងត្បូងលោកតាឧកញ្ញាឃ្លាំងមឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីផ្នែកដោះស្នាយគ្រោះថ្នាក់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ទី១ ឈ្មោះ ម៉ោ សុគី ភេទស្រី អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ សាញ់ សុខចាន់ ភេទប្រុស អាយុ ១១ឆ្នាំ សញ្ជាតិខ្មែរ និងទី៣ ឈ្មោះ សាញ់ សុខឃីម ភេទប្រុស អាយុ ៣ឆ្នាំ សញ្ជាតិខ្មែរ ក្មេងប្រុសតូចៗរបួសធ្ងន់ទាំង ២នាក់ ត្រូវជាកូនស្រ្តីរងគ្រោះ(ស្លាប់)ខាងលើ បច្ចុប្បន្ន រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។

ប្រភពខាងលើបន្តថា ជនរងគ្រោះ(ស្លាប់) និងរបួសធ្ងន់ម្ដាយនិងកូនៗ បានធ្វើរួមគ្នាដោយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 7075 ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក MAZDA ពណ៏ស គ្មានស្លាកលេខ ធ្វើណើរស្របគ្នា(ជើងទៅត្បូង)បានបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ(ស្លាប់និងរបួស)ដួលម៉ូតូរដូករណេលពេញថ្លូវតែម្តង។

ប្រភពដដែលខាងលើបន្តទៀតថា ខណៈនោះរថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវហើយក៏គេមិនបានបញ្ជាក់ថា ចាប់ខ្លូនអ្នកបររថយន្តបង្កបានឬមិនបាននោះទេ ប៉ុន្តែគេស្គាល់ឈ្មោះ វ៉ាត ឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយចំពោះវត្ថុតាងរថយន្តនិងម៉ូតូបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំវាស់វែងការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន

 


ចែករំលែក៖