ព័ត៌មានទាន់ហេតុការណ៍៖

ការបញ្ជូនអាវុធទំនើបៗរបស់អាមេរិក ទៅគំរាមកូរ៉េខាងជើងអត់ប្រយោជន៍ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តទៀត

ចែករំលែក៖

ការគំរាមកំហែងវាយប្រហាររបស់ អាមេរិក ដោយបញ្ជូន ទាំងនាវាផ្ទុក យន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល ៧០០ដើម និង យន្តហោះទម្លាក់គ្រាប់ បែកបរមាណូ ទៅកាន់ឧបទ្វីបកូរ៉េ មិនធ្វើឲ្យកូរ៉េខាងជើង ភ័យព្រួយសូម្បី តែបន្តិច មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាង ជើងបានបន្តបាញ់មីស៊ីល រយៈចម្ងាយ ឆ្ងាយបញ្ឈឺអាមេរិក និងសម្ពន្ធមិត្តទៀត ផង។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែឧសភា បង្កក្តីបារម្ភយ៉ាង ខ្លាំងពីសហគមន៍អន្តរជាតិ ហើយចិន បាន​អំពាវនាវ ឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។

តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា «ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង គឺខុសទៅ នឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

ការប្រកាសស្នើសុំខាងលើរបស់ចិន កើតឡើង ក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើង កំពុងតែតានតឹងខ្លាំងឡើង ដូច្នេះបើភាគីពាក់ព័ន្ធមិនរក្សាការអត់ធ្មត់ទេនោះនឹងមានសង្គ្រាមកើតឡើង នៅឧបទ្វីបកូរ៉េ ជាមិនខាន។

ក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមានក្រិមឡាំងរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីពូទីនបានបង្ហាញក្តីបារម្ភយ៉ាង​ខ្លាំង ពីការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ។ ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង កើតឡើង ចំពេលដែលចិនបានរៀបចំកិច្ចប្រជុំកំពូល ដែលមានមេដឹកនាំ២៨ប្រទេសចូលរួមក្នុងនោះមានប្រធានាធិបតីរុស្ស៊ីលោក ពូទីនផងដែរ។

ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលនាពេលនេះ? ទីក្រុងព្យុងយ៉ាងកំពុងតែ​បំផ្លាញកិច្ចប្រជុំរបស់ចិនឬ? នៅសល់តែ​ ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលចិនចាប់ផ្តើម បើកវេទិកាសេដ្ឋកិច្ច ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់បំផុតរបស់ចិន ក្នុងការគ្រប់គ្រងសន្តិសុខសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឡើងនៅជាប់ព្រំដែនចិន ធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បង្វែរការ ចាប់អារម្មណ៍ មកកាន់កូរ៉េខាងជើង ជា ជាងវេទិកាសេដ្ឋកិច្ច ។

សារព័ត៌មាន New York Times បានដកស្រង់ព័ត៌មានពីកម្លាំងទាហានចិនបានឲ្យដឹងថា មីស៊ីលខាងលើ បានបាញ់ ចេញពីទីក្រុង Kusong ភាគខាងជើងកូរ៉េ​ខាងជើង ហើយហោះហើរបានប្រមាណ ៧០០គីឡូម៉ែត្រក៏ធ្លាក់នៅក្នុងតំបន់សមុទ្រ ចន្លោះកូរ៉េខាងត្បូងនិងជប៉ុន។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នៅពេលព្រឹក ថ្ងៃទី១៤ ខែឧសភា ហើយធ្លាក់តំបន់សមុទ្រមានចម្ងាយពីរុស្ស៊ីប្រមាណ ១០០គីឡូម៉ែត្រប៉ុណ្ណោះ។

សារព័ត៌មាន CNN បានដកស្រង់សម្តី មន្ត្រីអាមេរិកមកបញ្ជាក់ថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅចម្ងាយពីតំបន់ Vladivostok ដែលមានទីតាំងកងពលប៉ាស៊ីហ្វិក របស់រុស្ស៊ីឈរជើងនៅទីនោះ។

ក្នុងពេលជាមួយគ្នានោះដែរ សារព័ត៌​មានរ៉យទ័របានផ្សាយថា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា «មិនអាចស្មានដល់ថា រុស្ស៊ី ពេញចិត្ត នឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលធ្លាក់នៅជិតទឹកដីរបស់ខ្លួន ច្រើនជាង ជប៉ុននោះទេ»។

សេតវិមានបានប្រកាសថា ប្រធានា​ធិបតីដូណាល់ ត្រាំបានអំពាវនាវ ឲ្យដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង ខ្លាំងជាងនេះទៀត ដោយចាត់ទុកព្រឹត្តិការណ៍ បាញ់មីស៊ីល នៅពេលនេះជាការ បញ្ជាក់ស្នើឲ្យដាក់​ទណ្ឌកម្មបន្ថែម។

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលមាន ទស្សនៈផ្សះផ្សាជាមួយ កូរ៉េខាងជើងលោក Moon Jae in បានថ្កោលទោស ការបាញ់ មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃ ទី១៤ខែឧសភា ដោយចាត់ទុកថាជាការ គំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។ លោក មូនបញ្ជាក់ថានឹងមានសកម្មភាព​តបតទៅនឹងការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង។

ចំណែកជប៉ុនវិញ នាយករដ្ឋមន្ត្រីស៊ីន​ហ្សូ អាបេ បាន ថ្កោលទោស ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង ថាជាការគំរាម កំហែងដល់ជប៉ុន បំពានសេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ៕ ម៉ែវ សាធី


ចែករំលែក៖