ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងត្បូងនៅតែចង់ចរចាជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល

ចែករំលែក៖

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon Jae in នៅតែស្វែងរកវិធីសាស្ត្រ ពិភាក្សាជាមួយកូរ៉េខាងជើង បើទោះបីប្រទេសនេះទើបតែបាញ់សាកល្បងមីស៊ីលក្តី។

ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង លោក Yang Moo Jin បានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ខែឧសភាថា ក្រោយពេល ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល ឆ្លងទ្វីបដោយហោះហើរបានចម្ងាយ៧០០គីឡូ ម៉ែត្រ ធ្លាក់ចូលសមុទ្រនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែមានបំណងចងពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីបញ្ចប់ភាពតានតឹង។ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីលដែលបាញ់នោះមាន ឈ្មោះថា Hwasong-12 គឺជាមីស៊ីលរយៈ ចម្ងាយមធ្យម។

សារព័ត៌មាន កូរ៉េខាងជើង បានផ្សាយ​ថា ការសាកល្បងមីស៊ីលចុងក្រោយនេះ គឺទទួលបានជោគជ័យ ដែលជាការត្រៀម លក្ខណៈ​ សម្រាប់បំពាក់ក្បាលគ្រាប់ បរមាណូ។

អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រធានាធិបតី Moon Jae in និង ចាប់ផ្តើមស្វែងរកកិច្ចពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតីរូបនេះមានគោលនយោបាយ៣សម្រាប់បង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង។ទីមួយ គឺ ធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូ និងបង្កើតរបប​សន្តិភាព។ ទីពីរ លុបចោល កត្តាដែល អាចបង្កឲ្យមានសង្គ្រាមឧបទ្វីបកូរ៉េកើតឡើង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច រវាងកូរ៉េទាំងពីរ និងទីបី គឺជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយូរអង្វែង។

នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ បើទោះបីកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង មិនបានគំរាមកំហែងដល់ប្រទេសរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូនៅតែសម្រេចដាក់មីស៊ីលការពារនៅជិត ព្រំដែនកូរ៉េខាងជើង។ រដ្ឋ មន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការ បាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនបាន ​ គំរាមកំហែងដល់សន្តិសុខរបស់រុស្សុីឡើយ។

ប៉ុន្តែទោះបីបែបណាក្តីរុស្ស៊ីចាំបាច់ត្រូវតែបង្កើនសមត្ថភាពការពារនៅតាមព្រំដែន ក្រោយពេលកូរ៉េខាងជើងបាន ប្រកាស បំពាក់ក្បាលគ្រាប់បរមាណូក្រោយ ពេល សាកល្បងមីស៊ីលទទួលបានជោគ ជ័យ។ នៅពេលដែលកូរ៉េខាងជើងមាន មីស៊ីលបរមាណូនោះសន្តិសុខ របស់រុស្ស៊ីក៏រងការគំរាមកំហែងផងដែរ ។

ប្រទេសផ្ដាច់ការកូរ៉េខាងជើង នៅព្រឹក ថ្ងៃទី១៤ ខែឧសភា បានអះអាងថា ខ្លួនបានធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោង ទទួលបានជោគជ័យដែលនោះជាមីស៊ីលប្រភេទថ្មី ​ និងការធ្វើតេស្ដគ្រាប់កាំជ្រួចផ្លោងរយៈ ចម្ងាយឆ្ងាយ ថែមទាំង បានព្រមានសហរដ្ឋអាមេរិកមិនឲ្យយល់ច្រឡំ ទៅលើសមត្ថភាពយោធារបស់ខ្លួនទៅពេលខាងមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារកណ្តាលកូរ៉េបានចុះផ្សាយឲ្យដឹងថា នៅក្នុងប្រតិបត្តិការធ្វើតេស្ដក្បាល គ្រាប់មីស៊ីលផ្លោងឆ្លង ទ្វីប លើកចុង ក្រោយនេះ ក៏មានការចុះត្រួតពិនិត្យមើលដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុនដែរ ដោយលោកបានសម្ដែងការសាទរចំពោះសមត្ថភាពកាំជ្រួចមីស៊ីល ដែលបានធ្វើតេស្តនឹងទំហំក្បាល គ្រាប់ នុយក្លេអ៊ែរដ៏ធំមួយ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការ បាញ់មីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាង ជើង មិនដែលខ្លាចអាមេរិកនោះឡើយ សូម្បីតែបន្តិច ។ ទោះបីអាមេររិកបានបញ្ជូន មីស៊ីល អាវុធជាច្រើន មកកាន់ឧបទ្វីបកូរ៉េ គំរាមកំហែងវាយប្រហារកូរ៉េខាងជើងក្តី​ប៉ុន្តែអាមេរិក នឹងមិនអាចវាយប្រហារ នោះឡើយ ដោយសារតែមានបញ្ហាមួយ ចំនួនដែលមិនអាចវាយប្រហារបាន ក្នុងនោះមានការហាមឃាត់ពីកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក៏បានប្រកាសផងដែរថា ទ្វារ ចរចាជាមួយកូរ៉េខាងជើងនៅតែបើកចំហ ជានិច្ច ប្រសិនបើកូរ៉េខាងជើង បំពេញទៅតាមលក្ខខណ្ឌដែលអាមេរិកចង់បាន។ ក្នុងនោះមានទាំងការគោរពច្បាប់អន្តរជាតិ និងការបញ្ចប់សកម្មភាពបរមាណូនៅកូរ៉េខាងជើង។

មន្ដ្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងបានអះអាងថា ទីក្រុងព្យុងយ៉ាងនឹងព្រម ចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់និងត្រឹមត្រូវ។ ជំហរ​របស់ទីក្រុងព្យុងយ៉ាងដូច្នេះ ធ្វើឡើង ខណៈពេលដែលសម្ពាធក្នុងឧបទ្វីបកូរ៉េនៅតែបន្តតានតឹង។

មន្ដ្រីជាន់ខ្ពស់ការិយាល័យអាមេរិកខាងជើងនៃក្រសួងការបរទេសកូរ៉េខាងជើង បានបង្ហើបប្រាប់អ្នកកាសែតនៅព្រលានយន្តហោះអន្ដរជាតិប៉េកាំង នាថ្ងៃសៅរ៍មុន នេះថា រដ្ឋបាលក្រុងព្យុងយ៉ាង នឹងព្រម ចរចាជាមួយរដ្ឋបាលក្រុងវ៉ាស៊ីនតោន ក្រោមលក្ខខណ្ឌដ៏ត្រឹមត្រូវ។ លោកស្រី Choe Son-Hui បានអះអាងយ៉ាងដូច្នេះ ខណៈដែលលោកស្រីកំពុងធ្វើដំណើរ ត្រឡប់ទៅកូរ៉េខាងជើងវិញ ក្រោយពីបានទៅចូលរួមកិច្ចប្រជុំនៅទីក្រុង អូស្លូ ជាមួយអតីតមន្ដ្រីនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក និងអតីតប្រេសិតអង្គការសហប្រជាជាតិ មួយចំនួនទៀត។

គួរជម្រាបជូនថា មិនមែនមានតែរដ្ឋបាលក្រុងព្យុងយ៉ាងតែឯងទេ ដែលបានបង្ហើប ពីបំណងបើកផ្លូវឲ្យមានជំនួបចរចាជាមួយអាមេរិក នោះសហរដ្ឋអាមេរិកខ្លួនឯង ក៏មានបំណងដូចគ្នានេះដែរ។ ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមខែឧសភាថ្មីៗនេះ បានអះអាង ថា លោកត្រៀមខ្លួនរួចជាស្រេច នឹងជួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់។ លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌទាំងនោះឡើយ។

ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបតែឡើងកាន់តំណែង បាន ប្រកាសថា លោកត្រៀមខ្លួនធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង ប្រសិនបើលក្ខខណ្ឌ អំណោយ ផល។ បំណងធ្វើដំណើរទៅ កាន់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានលោក ប្រធានាធិបតី មូន ជេអ៊ីន ពន្យល់ថា គឺ ដើម្បីបន្ថយភាពតានតឹង។ យ៉ាងណាក៏ ដោយ នៅពេលសាកសួរថាតើទីក្រុងព្យុង យ៉ាង ត្រៀមខ្លួនដើម្បីជួបចរចាជាមួយទីក្រុងសេអ៊ូលដែរឬយ៉ាងណា មន្ដ្រីជាន់ខ្ពស់កូរ៉េ ខាងជើង លោកស្រី Choe បានឆ្លើយប្រាប់អ្នកកាសែតយ៉ាងខ្លីថា៖ ចាំមើលសិន។

គួរកត់សម្គាល់ថា ដ្បិតតែភាគីពាក់ព័ន្ធក្នុងវិបត្តិឧបទ្វីបកូរ៉េបានបង្ហាញទំនោរទន់ទោររកគ្នាជាបន្តបន្ទាប់ក្ដី ប៉ុន្តែភាពតាន តឹងនៅឧបទ្វីបកូរ៉េ មិនទាន់ធូរស្រាល នៅឡើយទេ។ ប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពនៅជ្រោយកូរ៉េបានឡើងកម្ដៅយ៉ាងខ្លាំងបន្ទាប់ពីកូរ៉េខាងជើងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទីកដ៏គ្រោះថ្នាក់ ហើយបានបាញ់សាកល្បងគ្រាប់មីស៊ីលទាំងនោះជាបន្តបន្ទាប់៕ ម៉ែវ សាធី


ចែករំលែក៖