សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ចិនបានរារាំងកូរ៉េខាង ជើងសាកល្បងគ្រាប់បែកបរមាណូជា លើកទី៦ដោយជោគជ័យ ដោយចិនបាន ព្រមានកូរ៉េខាងជើងថានឹងឡោមព័ទ្ធសេដ្ឋកិច្ចប្រសិនបើប្រទេសនេះសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ក្នុងពេលដែលស្ថានភាពកំពុងតែតានតឹងនោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើងបានផ្តល់ព័ត៌មានឲ្យភាគីចិនដឹងជាមុន ពីគម្រោងសាកល្បងគ្រាប់បែក បរមាណូកាលពីខែមេសា តែចិនមិនយល់ ព្រម ដោយបានគំរាមឡោមព័ទ្ធសេដ្ឋកិច្ចបើកូរ៉េខាងជើងមិនស្តាប់តាមនោះទេ។ នៅពេលនោះកូរ៉េខាងជើងបានត្រៀមរួច រាល់ក្នុងការសាកល្បងគ្រាប់បែកបរមាណូលើកទី៦ តែត្រូវផ្អាកវិញ។
នៅពេលនោះដែរ ចិនបានស្នើដល់ កម្លាំងទាហានដែលយាមល្បាតនៅតំបន់ភាគខាងកើតជាប់ព្រំដែនប្រទេសកូរ៉េខាងជើងទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូ ពិសេសគឺការហាមនាំចូលទំនិញទៅកាន់ប្រទេសចិនតែម្តង។ ចំណុចទាំងនោះហើយដែលទីក្រងព្យុងយ៉ាងពិចារណា ហើយផ្អាកការសាកល្បង តែម្តង។
សារព័ត៌មាន Asia Times បានដក ស្រង់សម្តីមន្ត្រីចារកម្មអាមេរិកបានបញ្ជាក់ថា ចិនពិតជាបានរារាំងការសាកល្បង បរមាណូរបស់កូរ៉េខាងជើងដោយជោគ ជ័យ ប៉ុន្តែមិនបានប្រកាសថា ចិនប្រើវិធីសាស្ត្រអ្វីក្នុងការទប់ស្កាត់កូរ៉េខាងជើងសាកល្បងបរមាណូនោះឡើយ។
ភាគីអាមេរិកជឿជាក់ថា មន្ត្រីយោធា ចិនដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើងបានប្រមានដល់ទីក្រុងព្យុងយ៉ាងថា បើសាកល្បងបរមាណូនោះ អាមេរិកនឹង វាយប្រហារដោយមីស៊ីលទៅលើទីតាំង បរមាណូរបស់កូរ៉េខាងជើង ពេលនោះអ្វីគ្រប់យ៉ាងដែលកូរ៉េខាងជើងខិតខំនាពេលកន្លងមកត្រូវបំផ្លាញនាពេលនេះ។ មួយ វិញទៀតចិនចង់បញ្ចៀសការវាយប្រហារ របស់អាមេរិកទៅលើកូរ៉េខាងជើង ដែលធ្វើឲ្យចិនរងផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច។
នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនោះដែរក្រោយពីការធ្វើតេស្តមីស៊ីលផ្លោងថ្មី ចុងក្រោយបំផុតរបស់ប្រទេសកូរ៉េខាង ជើងតាមសេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ អ.ស.ប. នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់បន្ទាន់មួយតាមការស្នើសុំរបស់សហរដ្ឋ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ UPI បេសកកម្មយូអិននៃប្រទេសអ៊ុយរុយហ្គាយ ដែលទទួលជាប្រធានក្រុម ប្រឹក្សាបានបញ្ជាក់ប្រាប់ឲ្យដឹងថា មានកិច្ចប្រជុំសម្ងាត់មួយដែលនឹងរៀបចំធ្វើឡើងនៅរសៀលថ្ងៃអង្គារសប្ដាហ៍នេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសកុម្មុយ នីស្តឯកោ កូរ៉េខាងជើងនៅតែបង្ហាញអំពីភាពផ្គើនរបស់ខ្លួន និងបានធ្វើតេស្តមីស៊ីលថ្មីមួយកាលពីថ្ងៃសៅរ៍កន្លងទៅស្របពេលដែលភាពតានតឹងជាអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកំពុងតែកើនខ្លាំងឡើង៕ ម៉ែវ សាធី