ព័ត៌មានទាន់ហេតុការណ៍៖

វិវាទរវាងចិននឹងហ្វុីលីពីនអាចនឹងដោះស្រាយទ្វេភាគីក្រោយប្រធានាធិបតីហ្វុីលីពីនទៅកាន់ចិន

ចែករំលែក៖

ចិននិងហ្វុីលីពីនបានចាប់ផ្តើមពិភាក្សាគ្នាស្តីពីវិវាទនៅដែនសមុទ្រនាសប្តាហ៍ក្រោយនេះ។ កិច្ចពិភាក្សាខាងលើធ្វើឡើងក្រោយពេលប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ទៅចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ និង១៥ ខែ ឧសភាកន្លងទៅ។

ការដឹកនាំរបស់លោក ឌុយទែរតេ បានបែងចែកយ៉ាងច្បាស់រវាងជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូង នឹងទំនាក់ទំនងសេដ្ឋ កិច្ច/ការទូតជាមួយចិន។ ទំនាក់ទំនង សេដ្ឋកិច្ច និងការទូតទ្វេភាគីត្រជាក់ល្ហឹម ក្នុងសម័យរដ្ឋាភិបាលហ្វុីលីពីនមុន ក៏ព្រោះតែកាលណោះគេយកវិបត្តិដែនដីមកដាក់មុខ។

សូមបញ្ជាក់ថា តាំងពីលោក ឌុយទែរ តេ បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វុីលីពីនមក លោកបានស្វះស្វែងផ្សះផ្សាទំនាក់ទំនងស៊ីជម្រៅជាមួយប៉េកាំង បើទោះបីជាចិនកំពុងវាតទីបង្ហាញមហិច្ឆតា ចង់គ្រប់គ្រងដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូងម្នាក់ឯងក៏ដោយ។ ការខិតរកប៉េកាំងក៏ព្រោះហ្វុីលីពីនសង្ឃឹមថានឹងទទួលបានមកវិញនូវវិនិយោគរាប់សិបលាន ដុល្លារពីចិន។

“យើងនឹងចាប់ផ្តើមបើកយន្តការពិគ្រោះទ្វេភាគីស្តីពីប្រធានបទសំខាន់ៗសម្រាប់ភាគីម្ខាងៗ ដើម្បីជជែកអំពីសំណុំរឿងដ៏ រសើបៗ”។ នេះជាប្រសាសន៍របស់ឯកអគ្គ រដ្ឋទូតហ្វុីលីពីនប្រចាំទីក្រុងប៉េកាំង ដែល បានបញ្ជាក់ទៀតថា ជំនួបប្រជុំវគ្គដំបូងនឹងបើកធ្វើនៅសប្តាហ៍ក្រោយ បន្ទាប់មកនឹងមានជំនួបវគ្គក្រោយៗទៀត ជារៀងរាល់២ ឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។

ហ្វុីលីពីនបានងាកស្រវាទៅឱបចិន និងរុស្ស៊ីដោយសុខចិត្តដកខ្លួនឱ្យឃ្លាតឆ្ងាយពីអាមេរិកដែលជាសម្ពន្ធមិត្តចាស់៕ ម៉ែវ សាធី


ចែករំលែក៖