ព័ត៌មានទាន់ហេតុការណ៍៖

ពូទីន អំពាវនាវ ឲ្យពិភពលោកបញ្ឈប់ការគំរាមកំហែងកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់ថា កូរ៉េខាងជើងកំពុងរងការគំរាមកំហែង ហើយអំពាវនាវដល់ពិភពលោកទាំងមូលមានវិធីសាស្ត្រ សន្តិភាព ដើម្បីដោះស្រាយភាពតានតឹង ក្នុងតំបន់។

ការអំពាវនាវរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលកាលពីថ្ងៃទី១៤ ខែឧសភា ដោយមីស៊ីលនោះហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រជប៉ុន តែមានចម្ងាយពីរុស្ស៊ីប្រមាន ជិត ១០០គីឡូម៉ែត្រប៉ុណ្ណោះ ។ មីស៊ីលខាងលើមានឈ្មោះថា Hwansong12 អាចបំពាក់ក្បាលគ្រាប់បរមាណូ បាញ់ដល់ទឹកដីអាមេរិក ។

ក្រោយការបាញ់មីស៊ីលខាងលើ ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ ខែឧសភា ពិភាក្សាពីសកម្មភាពរបស់កូរ៉េខាងជើង ដែលតែងតែបំពានច្បាប់អន្តរជាតិ ។

ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសកូរ៉េខាងជើង ពីការបាញ់មីស៊ីលខាងលើ ហើយអំពាវនាវដល់ទីក្រុងព្យុងយ៉ាង បញ្ចប់កម្មវិធីអាវុធ ។ សារព័ត៌AFP បានដកស្រង់សម្តី អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា សកម្មភាពរបស់កូរ៉េខាងជើង គឺបំពានច្បាប់ អន្តរជាតិ និងជាការគំរាមកំហែងដល់តំបន់ទាំងមូល ។ លោកបានអំពាវនាវដល់កូរ៉េខាងជើងបំពេញតាមកាតព្វកិច្ចអន្តរជាតិ ហើយវិលត្រឡប់ទៅកាន់វិថីគ្មានបរមាណូនៅឧបទ្វីបកូរ៉េ ។

តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមប្រាំអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូ បើបំពាន នឹងរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិ ។

កាលពីឆ្នាំ២០១៦ អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ពីរផ្សេងគ្នា ក្នុងនោះ បានរារាំងប្រភពរូបិយវត្ថុអន្តរជាតិ ដែលអាចយកទៅទិញសម្ភារបរមាណូ នៅក្រៅប្រទេសបាន និងដាក់គំនាបលើប្រព័ន្ធសេដ្ឋកិច្ចប្រទេសនេះ ។ បច្ចុប្បន្នកូរ៉េខាងជើងកំពុងរងការដាក់ទណ្ឌកម្ម ដល់ទៅ ៦ ករណីផ្សេងគ្នាពីអង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសនេះ សាកល្បងគ្រាប់បែកបរមាណូ ដំបូង កាលពីឆ្នាំ២០០៦មកទល់ពេលនេះ។

នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងប៉េកាំង ពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា «យើងប្រឆាំងនឹងការពង្រីកកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។ យើងចាត់ទុកការសាកល្បង មីស៊ីលទាំងនោះ គឺជារឿង អត់ប្រយោជន៍ បង្កភាពគ្រោះថ្នាក់នៅក្នុងតំបន់» ។

ប្រធានាធិបតីពូទីន ក៏បានស្នើដល់កូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាវិញដើម្បីបញ្ចប់ភាពតានតឹង ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានបញ្ជាក់ថា លោក មិនជឿថា រុស្ស៊ីពេញចិត្តនឹងសកម្មភាពរបស់កូរ៉េខាងជើងនោះឡើយនៅពេលដែលមីស៊ីលរបស់កូរ៉េខាងជើងធ្លាក់ចូលក្នុងតំបន់សមុទ្រមានចម្ងាយមិនឆ្ងាយពីរុស្ស៊ីនោះ ៕ ម៉ែវ សាធី


ចែករំលែក៖