ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអាល្លឺម៉ង់ មុនគេបង្អស់ក្នុងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនោះ ធ្វើឡើងក្រោយពេលដែលលោកស្បថចូលកាន់តំណែង ភ្លាម។ មេដឹកនាំទាំងពីរបានសម្រេច ពង្រឹងអឺរ៉ុប ប្រឆាំងនឹងក្រុម ជ្រុលនិយម បំបែកអឺរ៉ុប។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៥ខែឧសភា ក្នុងទីក្រុងប៊ែកឡាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ជំនួប ពិភាក្សានោះមេដឹកនាំទាំងពីរបានរួមគ្នាស្វែងរក ឥទ្ធិពលថ្មីសម្រាប់អឺរ៉ុប បើទោះត្រូវផ្លាស់ប្តូរច្បាប់ក្តី។
លោក ម៉ាក្រុង បានអំពាវនាវ ឲ្យមានការកែប្រែជាប្រវត្តិសាស្ត្រ ចំពោះអឺរ៉ុប ដើម្បីប្រឆាំងនឹងសកម្មភាព បំបែកបំបាក់អឺរ៉ុប ។ ក្នុងពេលជាមួយគ្នានោះលោកស្រី ម៉ាកគែល ដែលជាអ្នកដឹកនាំអាល្លឺម៉ង់ មួយទសវត្សរ៍កន្លងមក បញ្ជាក់ថា ប្រទេសមហាអំណាចទាំងពីរ នឹងជាក្បាលម៉ាស៊ីនអឺរ៉ុប ចង់បង្កើតកម្លាំងជម្រុញថ្មីសម្រាប់អឺរ៉ុប និងទំនាក់ទំនងទ្វេភាគី។ ពេលបារាំង និងអាល្លឺម៉ង់ រួមដៃគ្នានឹងក្លាយទៅជាកម្លាំងដ៏ខ្លាំងដើម្បីការពារ អឺរ៉ុបទាំងមូល។
លោកស្រីម៉ាក់គែល បញ្ជាក់នៅក្នុងសន្និសីទការសែតរួម ថា «យើងមានការយល់ដូចគ្នា គឺមិនគិតពីការចាកចេញរបស់អង់គ្លេសនោះឡើយ គឺ ធ្វើយ៉ាងណា ធ្វើឲ្យសហគមន៍អឺរ៉ុប ខ្លាំងឡើង ពិសេសគឺតំបន់ប្រទេសចាយប្រាក់រួមអឺរ៉ូ និងការប្រឆាំងភេរវកម្ម ។ អឺរ៉ុប ខ្លាំងគ្មានប្រទេសណាមួយចង់ចាកចេញឡើយ គឺមានតែចូលប៉ុណ្ណោះ »។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកម៉ាក្រុង ក៏បានលើកឡើងថា និងមានការកែទម្រង់ Eurozone ធ្វើឲ្យប្រាក់អឺរ៉ូ មានតម្លៃ វិញ ។
លោកម៉ាក្រុង បានចូលកាន់តំណែងនៅថ្ងៃទី១៤ ខែឧសភា ជំនួសតំណែង អតីតប្រធានាធិបតីហុល្លង់ ដែលបញ្ចប់អាណាត្តិ។ នៅពេលនេះពលរដ្ឋបារាំងក៏ដូចជាពលរដ្ឋ តំបន់អឺរ៉ុបទាំងមូលបានដាក់ក្តីសង្ឃឹមទៅលើមេដឹកនាំ វ័យក្មេង របស់បារាំង ដែលអាចជួយដល់អឺរ៉ុប មានការសមគ្គីគ្នាវិញ ឆ្ពោះទៅរកភាពរីកចម្រើន៕ ម៉ែវ សាធី