ព័ត៌មានទាន់ហេតុការណ៍៖

លោកEdouard Philippe ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីបារាំង

ចែករំលែក៖

ប្រធានាធិបតីថ្មីបារាំង លោកម៉ាក្រុង បានសម្រេចជ្រើសរើស លោកEdouard Philippe ធ្វើជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំរដ្ឋាភិបាល ក្នុងពេលដែលលោកត្រូវបំពេញទស្សនកិច្ចទៅក្រៅប្រទេស ។

លោកEdouard Philippe ក៏ទើបតែមាន វ័យ៤៦ ឆ្នាំ ហើយបានបំពេញគ្រប់ លក្ខ​ខណ្ឌតម្រូវ ទើបអាចក្លាយជានាយករដ្ឋ មន្ត្រីរបស់លោកម៉ាក្រុង។ មានបទពិសោធន៍​ ច្រើនយ៉ាង ទាំងក្នុងវិស័យសាធារណៈ និង​ឯកជន លោកក៏ជាចៅហ្វាយស្រុកអាវ (កំពង់ផែអាវ) ជាអ្នកស្តាំកណ្តាលនិយមនៃបក្សសាធារណរដ្ឋ ស្និទ្ធខ្លាំងនឹងលោក អាឡាំង ហ្ស៊ូប៉េ (គូប្រជែងរបស់លោក ​ ​ហ្វីយ៉ុងនិងជាបេក្ខជនចាញ់ឆ្នោតក្នុងសម័យ បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីប្រចាំបក្សសាធារណរដ្ឋ)។

ជម្រើស នេះ ត្រូវបានគេសម្លឹងឃើញជាយុទ្ធសាស្ត្រដ៏ខ្ពស់ របស់លោកប្រធា នាធិបតី ម៉ាក្រុង ព្រោះអាចនឹងធ្វើឱ្យអ្នក​ សាធារណរដ្ឋផ្សេងទៀតងាកមកចូលរួមក្នុងបក្ស របស់លោក។ ពោលគឺជាយុទ្ធសាស្ត្រទាក់ទាញបំបែកសំឡេងបក្សធំៗ ស្តាំនិយម ឬឆ្វេងនិយម ដើម្បីមានសំណាងខ្ពស់បានឈ្នះឆ្នោតសភា នាខែមិថុនាខាងមុខ។

សូមបញ្ជាក់ថា លោក ម៉ាក្រុង ជាប្រធា នាធិបតីប្រសូតចេញពីចលនា En Marche ដែលពេលនេះបានក្លាយជាបក្សនយោបាយមួយហើយ មានឈ្មោះថាសាធារណរដ្ឋEn Marche។ ជាមួយនឹងចលនានយោបាយ ថ្មីថ្មោង និងជាអ្នកកណ្តាលនិយម ហានិភ័យដ៏ធំធេងមួយដែលលោកត្រូវជម្នះឱ្យបាន គឺប្រមូលសំឡេងភាគច្រើនដាច់ខាតឱ្យបាននៅក្នុងការបោះឆ្នោតសភាខែមិថុនាខាងមុខ។ បើបរាជ័យមានន័យថាលោកម៉ាក្រុង ត្រូវដឹកនាំប្រទេសដោយមានរដ្ឋាភិបាល ចម្រុះ និងដោយមាននាយករដ្ឋមន្ត្រីអាចជាឥស្សរជនមកពីបក្សប្រឆាំង។ គឺជាសេ​ណារីយោដែលលោកម៉ាក្រុង ចង់បញ្ចៀស ឱ្យបាន ដើម្បីអាចមានអំណាចគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសធ្វើកំណែទម្រង់ ផ្សេងៗតាមដែលលោកចង់បាន៕ ម៉ែវ សាធី

លោកEdouard Philippe


ចែករំលែក៖