ភ្នំពេញ៖ រឿងរ៉ាវកម្រត់របស់ក្រុមគ្រួសារនាយ ហុងដា បានបន្តកើតមានជាថ្មី ក្រោយពីអតីតភរិយា នាង រ៉េន សុធារី ហៅនាងឃ្មឹប ចេញមុខ។ ស្កាត់ពីខេត្តបន្ទាយមានជ័យទាំងខ្ចីលុយគេ ឃ្មឹបលើកឡើងថា នាងចង់ជួបមុខកូនប្រុស និងសុំឲ្យតុលាការសម្រាលទោសកូនប្រុសម្នាក់នេះ ។
ក្រោយពីការបាត់មុខប្រមាណ៦ឆ្នាំមកហើយនោះ ឃ្មឹប បានចេញមុខជាមួយនឹងរូបរាង និងសភាពដែលគួរឲ្យសង្វេក ។ ការបង្ហាញមុខ របស់អតីតតារាកំប្លែងរូបនេះ គឺនាងថា ចង់ជួបមុខកូនប្រុសដែលបានចាប់ខ្លួនពីបទធ្វើឃាតប្រពន្ធក្រោយនាយ ហុងដា និងប្រឈមនឹងការជាប់ទោសអស់មួយជីវិតនោះ ។
ឃ្មឹប ថា កូនប្រុសនាងឈ្មោះ ខា សុខេន ហៅនិច អាយុ១៨ឆ្នាំ ដើមឡើយជាកូនដែលរៀនសូត្រពូកែ ស្តាប់ដំបូន្មានឪពុកម្តាយ មិនគួរណាធ្លាក់ខ្លួនក្លាយជាជនញៀនថ្នាំ ចិត្តឆៅលើកដៃសម្លាប់មនុស្សនោះទេ។
នាងបានដាក់បន្ទុករឿងហេតុការណ៍អាក្រក់ប្រចាំជីវិតនេះ ព្រោះតែការបែកបាក់ក្រុមគ្រួសារ ដែលធ្វើឲ្យកូនតែលតោលខ្វះភាពកក់ក្តៅ ភ្លើតភ្លើនតាមមិត្តភ័ក្កិអូសទាញទៅរកសេពថ្នាំញៀន ។ ទោះជាយ៉ាងណា នាងគ្មានអ្វីដែលអាចជួយកូនប្រុសបានក្រៅពីលើកដៃដប់សំពះសុំការប្រណី គ្រាដែលជីវិតនាងធ្លាក់ដុនដាបដល់ចំណុចសូន្យទៅហើយ ។ អតីតអ្នកសិល្បៈល្បីឈ្មោះគួរសម ធ្លាក់ខ្លួនខ្ចីលុយគេជិះរថយន្តមកមើលមុខកូនប្រុសរូបនេះបញ្ជាក់ថា នាងនៅមិនទាន់បានជួបមុខកូនប្រុសនៅឡើយទេ គ្រាដែលកូនប្រុសរូបនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងស្ថិតក្រោមការស៊ើបសួររបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។
អ្នកនាង រ៉េន សុធារី ហៅឃ្មឹប បញ្ជាក់ថា ក្រោយបែកពីនាយ ហុងដា មានពាក្យចចាមអារ៉ាមជាច្រើនថា អ្នកនាងផិតប្ដីទៅយកប្ដីឧកញ៉ា និងដើរចែកធៀបការជាមួយបុរសអាមេរិកជាដើមនោះ គឺមិនពិតទេ ពោលក្រោយពេលចែកផ្លូវជាមួយ ហុងដា អ្នកនាងបានទៅសម្ងំរស់នៅជាមួយនាយ ជី វ៉ាន់ស៊ុយ ដែលជាឪពុកបង្កើតនៅស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដែលជាតំបន់ដាច់ស្រយ៉ាលមួយនៅជើងភ្នំធំ ។
អ្នកនាងថ្លែងថា ក្រោយបែកពី ហុងដា រយៈពេល៤ឆ្នាំ ទើបនាងសម្រេចចិត្តយកប្ដីថ្មី ដែលជាពលករនៅប្រទេសថៃ ហើយក្រោយមានប្ដីថ្មីរយៈពេលមួយឆ្នាំ ខណៈដែលនាងមានផ្ទៃពោះកូនស្រី៣ខែនៅក្នុងពោះ នាងក៏បានបែកពីប្ដីថ្មីនោះទៀត ហើយក៏រស់នៅជាស្ត្រីមេម៉ាយមកដល់បច្ចុប្បន្ន ។ អ្នកនាងថា ពេលទៅរស់នៅជើងភ្នំនោះ គ្រួសារអ្នកនាងក្រីក្រណាស់ គឺអ្នកនាងធ្វើជាកម្មករស៊ីឈ្នួលដកស្ទូងបោចស្មៅឲ្យគេ និងចាប់ក្ដាមរាវលៀសដើម្បីហូប ។
អ្នកនាង ឃ្មឹប បន្ថែមថា កន្លងមកនាងក៏ធ្លាប់បានមកច្រៀងនៅភោជនីយដ្ឋានមួយនៅភ្នំពេញ បានមួយរយៈខ្លីដែរ ប៉ុន្តែក្រោយពេលឪពុកនាងចែកឋានទៅ នាងក៏វិលទៅរស់នៅឯស្រុកកំណើតរកស៊ីឈ្នួលលគេវិញ ដើម្បីបន្តជីវិតរស់ហើយដោយសារតែជីវភាពក្រីក្រពេក នាងក៏សម្រេចចិត្តយកកូនមកផ្ញើជាមួយអតីតស្វាមី ។
នាងថា កូនប្រុសច្បងមានរឿងសម្លាប់ប្រពន្ធចុងរបស់នាយ ហុងដា ដោយសារតែឥទ្ធិពលគ្រឿងញៀន ហើយពេលនេះនាងមានតែលើកម្រាមដៃដប់សុំឲ្យតុលាការសម្រាលទោសដល់កូននាងខ្លះតែប៉ុណ្ណោះគឺដោយសារតែកូននាងនៅក្មេងនឹងដោយសារតែឥទ្ធិពលគ្រឿងញៀននោះ ៕ វឌ្ឍនា